នាយករដ្ឋមន្រ្តី ប្រាប់ឱ្យបុគ្គលឈ្មោះ ហ៊ុន វិបុល បញ្ឈប់សកម្មភាពបន្លំខ្លួនជាប្អូនជីដូនមួយរបស់សម្ដេចតទៅទៀត
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅមនុស្សម្នាក់ឈ្មោះ ហ៊ុន វិបុល ដែលតែងតែបន្លំខ្លួនជាប្អូនជីដូនមួយរបស់សម្ដេចឱ្យបញ្ឈប់សកម្មភាពក្លែងបន្លំនេះ ប្រសិនជាមិនចង់មានបញ្ហា។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុកផេករបស់សម្ដេចនៅល្ងាចថ្ងៃទី៦ ខែកញ្ញានេះថា ប្អូនជីដូនមួយរបស់សម្ដេចឈ្មោះ ហ៊ុន វិបុល ត្រូវបានពួកខ្មែរក្រហមសម្លាប់តាំងពី ៤៤ឆ្នាំមុនមកម្លេះ ដូច្នេះការលើកឡើងរបស់បុគ្គលដែលតាំងខ្លួនជា ហ៊ុន វិបុល នេះគឺមិនមែនជាសាច់ញាតិរបស់សម្ដេចនោះទេ។
សម្ដេចបន្ថែមថា ការតាំងខ្លួនជាប្អូនជាជីដូនមួយរបស់សម្ដេចបែបនេះបានធ្វើឱ្យមនុស្សជាច្រើនយល់ថាសម្ដេចជាមនុស្សមិនរាប់រកបងប្អូនដែលប៉ះពាល់ជាខ្លាំងដល់សម្ដេច។
សម្ដេចតេជោសរសេរថា៖ «ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុល តាមរយៈទូរស័ព្ទ២លើកមកហើយតែមនុស្សនេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយខ្ញុំ មិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថាខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។ បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបានក្រាញ់ននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូនមួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?»
សម្ដេចតេជោ ស្នើដល់បុគ្គលដែលតាំងខ្លួនថា ហ៊ុន វិបុល ឱ្យបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង៕