ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអង្គការដៃគូចុះពិនិត្យស្ថានភាពសត្វព្រៃ ក្នុងសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត និងបានជំរុញឲ្យមានការរួមគ្នាអភិរក្សជីវចម្រុះនៅទីនោះឲ្យបានគង់វង្ស។
ក្នុងពេលចុះទៅពិនិត្យកាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ចុងសប្ដាហ៍មុនលោក គីម រិទ្ធី បានចុះពិនិត្យមើលសត្វត្មាត និង វាស់ដើមឈើដើម្បីសិក្សាវាយតម្លៃឥណទានកាបូន នៅចំណុចអាហារដ្ឋានត្មាតវាលបឹងទាល់ នៅក្នុងព្រៃសហគមន៍តំបន់ការពារព្រៃអណ្តូងដងផ្លិត ស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។
យោងតាមរបាយការណ៍ពីក្រសួងបរិស្ថានបានបង្ហាញឲ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិព្រៃអណ្តូងដងផ្លិត មានសត្វស្លាបជាច្រើនប្រភេទ ដូចជា សត្វត្រយ៉ងយក្ស សត្វទាព្រៃស្លាប សត្វត្មាត សត្វក្រៀល សត្វត្រសេះ និងសត្វមៀម ហើយនៅជុំវិញព្រៃសហគមន៍នេះ សំបូរបែបទៅដោយជីវៈចម្រុះ ដើមឈើធំជាច្រើនប្រភេទៗ និងដែនដ៏ព្រៃក្រាស់ៗ ក្រោមការគ្រប់គ្រងការពារ និងអភិរក្សពីសហគមន៍ការពារព្រៃឈើបានយ៉ាងល្អប្រសើរ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា បានបញ្ជាក់ថាចាប់ពីឆ្នាំ២០១៦ ក្រសួងបរិស្ថានកំពុងអនុវត្តគម្រោងរេដបូកចំនួន៣រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ ដែលគម្រោងទាំងនេះទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក។