លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ពេលឪពុកម្តាយរីករាយ កូនៗក៏រីករាយដែរ

ធារីជាសិប្បករនៅខេត្តតាកែវ ប្ដីរបស់នាងឈ្មោះ សុជាតិ ជាជាងផ្សារដែក។ អ្នកទាំងពីរបានជួបគ្នាដំបូងពេលសុជាតិទៅលេងជីតារបស់គាត់។ គាត់គិតថា ធារី មានសម្រស់ស្រស់ស្អាតហើយសុំឲ្យគ្រួសារគាត់ចូលទៅស្ដីដណ្ដឹងនាងដើម្បីរៀបអាពាហ៍ពិពាហ៍។ ធារីគិតថា សុជាតិមានចិត្តល្អណាស់ ខណៈដែលនិយាយពីថ្ងៃនៃការជួបគ្នាដំបូង និងចាប់ផ្ដើមទាក់ទងគ្នា ភ្នែករបស់អ្នកទាំងពីរភ្លឺស្រស់ស្រាចនិងស្នាមញញឹម។ ពួកគេបានរៀបការតាំងពីឆ្នាំ២០១២។

ជាអកុសលមិនយូរប៉ុន្មានថ្ងៃរីករាយទាំងអស់នេះត្រូវបានជំនួសដោយភាពតានតឹង និងការឈ្លោះប្រកែកគ្នា។

សុជាតិ តែងតែធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីធ្វើការដោយចំងាយពេលប្រហែលមួយម៉ោង ឬពីរម៉ោងពីផ្ទះ។ ពេលគាត់ត្រឡប់មកវិញ គាត់មានអារម្មណ៍នឿយហត់ពេកក្នុងការចំណាយពេលជាមួយប្រពន្ធកូន។

យូរៗទៅពួកគេតែងតែឈ្លោះគ្នាសូម្បីតែរឿងតូចតាច។ ពួកគេមិនដឹងពីរបៀបនិយាយទាក់ទងគ្នាទៅវិញទៅមកទេ។ ពេលណាម្នាក់ខឹង ម្នាក់ទៀតមិនដឹងថាត្រូវផ្សះផ្សាគ្នាយ៉ាងម៉េចទេ។ អ្នកទាំងពីរចង់ឈ្នះសម្ដីគ្នា ហើយស្ថិតនៅក្នុងការប្រកួតយកត្រូវរៀងៗខ្លួន។ ភាពអវិជ្ជមានរបស់ប្តីប្រពន្ធបែបនេះ បានប៉ះពាល់ដល់ការអប់រំនិងប្រដៅចំពោះកូនប្រុសទាំងពីរ។ កូនប្រុសច្បងរបស់ពួកគេក៏ធ្លាប់សុំឱ្យពួកគេឈប់ឈ្លោះគ្នាទៀតផង។

ធារីជាអ្នកនៅមើលថែទាំកូនជាប្រចាំ នាងឆាប់ខឹងជាមួយកូនៗរបស់នាង ដោយស្រែកដាក់ ឬវាយពួកគេនៅពេលដែលពួកគេមិនស្តាប់។ នាងដឹងថានាងមិនគួរធ្វើបែបនេះដាក់កូនទេ ប៉ុន្តែនាងមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយក៏មិនចេះប្រដៅកូនខុសពីនេះដែរ។

ការឈ្លោះប្រកែកគ្នាឥតឈប់ឈរ រវាង ធារី និង សុជាតិ បានធ្វើឱ្យសមាជិកគ្រួសារពួកគេទាំងអស់ រងផលប៉ះពាល់តាមរបៀបផ្សេងៗគ្នា។ សុជាតិ មានជម្ងឺរលាកសួតហើយមិនអាចធ្វើការងារផ្សារដែកនៅភ្នំពេញបានទៀតទេ ដូច្នេះហើយគាត់ចាប់ទៅធ្វើការនៅកន្លែងអេតចាយ ដើម្បីរកប្រាក់ចំណូលជំនួសវិញ ហើយធារីធ្វើការរោងចក្រ។ កូនប្រុសច្បងក្នុងគ្រួសារបានរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះនេះ។ លោកបានសម្រាកព្យាបាលជាប្រចាំនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកស្រោមខួរ។ វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ថា មិនត្រូវបង្កើតបរិយាកាសតានតឹងក្នុងគ្រួសារនោះទេដើម្បីកុំឱ្យកូនប្រុសរបស់ពួកគេឈឺញឹកញាប់។

ធារី តានតឹងដោយបន្ទុកហិរញ្ញវត្ថុបន្ថែម និងបំណុលមន្ទីរពេទ្យ ជារឿយៗតែងតែលួចយំដើម្បីកុំឱ្យគ្រួសារនាងកាន់តែតានតឹង។

នាងថា "ថ្ងៃណាក៏ថ្ងៃខ្ញុំយំដែរ ជួនការខ្ញុំអត់ហានយំពីមុខប្តីខ្ញុំទេ។ ខ្ញុំមិនអោយគាត់ពិបាកចិត្ត ខ្ញុំទៅអង្គុយយំ ពួនយំក្រោយផ្ទះ ខ្ញុំស្រែកយំម្នាក់ឯង ខ្ញុំមិនដឹងថាទៅរកណា។ ណាប្តីឈឺ ណាកូនឈឺ.. ជួនកាលសឹងតែមួយខែអ្នកគ្រូ ខ្ញុំអត់មានលុយទិញម្ហូបសុី សឹងថាកន្លះខែមួយខែពេញមង។"

បងប្អូនជីដូនមួយ មីង និងសាច់ញាត្តិផ្សេងទៀតបានជួយគ្រួសារជាមួយនឹងអាហារ ប្រេងសាំង និងប្រាក់បន្តិចបន្តួច បន្ទាប់ពីគ្រួសារនេះបានលក់ដីស្ទើរតែទាំងអស់របស់ពួកគេ។ សូម្បីតែមេឃុំបានឃើញ និងបញ្ជាក់ថា ភាពក្រីក្ររបស់ពួកគេធ្ងន់ធ្ងរ ដូច្នេះគ្រួសារអាចទទួលបានជំនួយនៅមន្ទីរពេទ្យរដ្ឋ។ ធារី សុជាតិ និងកូនៗ មានអារម្មណ៍ដូចជាលង់ទឹកអុីចឹង រហូតដល់ថ្ងៃមួយជីវិតរបស់ពួកគេបានឃើញការផ្លាស់ប្តូរដ៏ធំ បន្ទាប់ពីបានជួបមនុស្សម្នាក់ពីអង្គការទស្សនៈពិភពលោក។

ធារីបានចុះឈ្មោះចូលរួមក្នុងកម្មវិធី «គ្រួសាររីករាយ» របស់អង្គការទស្សនៈពិភពលោក ជាកន្លែងដែលនាងរៀនដំបូងដើម្បីបញ្ឈប់ការស្តីបន្ទោសកូនប្រុសរបស់នាងនៅពេលជួយពួកគេសិក្សា ព្រោះនាងបានកត់សម្គាល់ឃើញថាកូនគាត់ជារឿយៗខ្លាចធ្វើខុស ឬសួរសំណួរមកគាត់។ ផ្ទុយទៅវិញ នាងបានរៀននិយាយកាន់តែស្រទន់ ហើយលើកទឹកចិត្តកូនប្រុសរបស់នាង។ នាងក៏បានរៀនអំពីគំនិតនៃគ្រួសារ "សញ្ញាបែកបាក់" និង "សញ្ញាពេញលេញបរិបូរណ៌" ។

គំនិតនៃគ្រួសារ "សញ្ញាបែកបាក់" និង "សញ្ញាពេញលេញបរិបូរណ៌" គឺជាអ្វីដែលធារីបានរៀននៅក្នុងកម្មវិធី «គ្រួសាររីករាយ» ។ នាងបានរៀនអំពីសកម្មភាព និងពាក្យពេចន៍ដែលនឹងនាំឱ្យបំបែកគ្រួសារ ជំនួសមកវិញដោយការធ្វើឱ្យពួកគេកាន់តែជិតស្និទ្ធនឹងគ្នា និងរបៀបបង្កើតទំនាក់ទំនងវិជ្ជមាន និងសេចក្តីស្រលាញ់ ដើម្បីកសាងក្តីសង្ឃឹម និងចក្ខុវិស័យសម្រាប់អនាគត។

ខណៈពេលដែល ធារី បានចូលរួមក្នុងកម្មវិធីនេះជាមួយគ្រួសារប្រហែល២០ ឬច្រើនជាងនេះពីភូមិ ប្តីរបស់នាងនឹងនៅផ្ទះ មើលថែកូនៗ។ នៅពេលដែលនាងត្រលប់មកវិញបន្ទាប់ពីថ្នាក់នីមួយៗ នាងក៏ចែករំលែកអ្វីដែលនាងបានរៀនជាមួយប្តីរបស់នាង។

ធារីបានចាប់ផ្ដើមអនុវត្តវិធីសាស្ត្រប្រៀនប្រដៅជាវិជ្ជមានដែលនាងបានរៀនជាមួយកូន ហើយបានកត់សម្គាល់ឃើញលទ្ធផលល្អយ៉ាងឆាប់រហ័ស។ កូនប្រុសច្បងរបស់នាងឥឡូវនេះចាប់ផ្ដើមនិយាយជាមួយអ្នកដ៏ទៃកាន់តែច្រើនហើយចាប់ផ្តើមមានមិត្តថ្មីនៅសាលា។ គាត់ក៏កាន់តែចង់ដឹងចង់ឃើញ រៀនអាន និងសរសេរដោយខ្លួនឯង ស្តាប់ម្តាយកាន់តែច្រើន ហើយចាប់ផ្តើមស្រមៃអំពីអនាគតរបស់គាត់។

ធារី បាននិយាយថា នាងបានជួបប្រទះនឹងទុក្ខគ្រប់បែបយ៉ាង ដោយសារតែនាងមិនមានការអប់រំគ្រប់គ្រាន់ ដើម្បីទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ដូច្នេះនាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយកូនរបស់នាងបានរៀនសូត្រ និងមានជីវិតកាន់តែប្រសើរឡើង។ កូនប្រុសរបស់គាត់បានបង្ហាញចំណាប់អារម្មណ៍រួចហើយថាគាត់ចង់ក្លាយជាវិស្វករនៅពេលគាត់ធំឡើង។

សុជាតិក៏រៀនចេះជួយកូនបន្ថែមទៀត។ គាត់បានចាប់ផ្តើមជួយនាំពួកគេទៅសាលារៀន និងជូនមកផ្ទះវិញ ហើយត្រូវប្រាកដថាមិនបញ្ចេញសំឡេងធំជុំវិញកុមារ ដើម្បីកុំឱ្យពួកគេរៀនអាកប្បកិរិយានោះនាពេលអនាគតទេ។ គាត់ក៏ចាប់ផ្តើមទិញអាហារសម្រន់ដល់ពួកគេ ដើម្បីផ្តល់រង្វាន់ដល់អាកប្បកិរិយាល្អរបស់កូនៗផងដែរ។

សុខភាពរបស់ សុជាតិ ក៏បានប្រសើរឡើងដែរ ទោះបីជាគាត់នៅតែមានបញ្ហាក្រពះដែលបណ្តាលមកពីការលេបថ្នាំសួតជាយូរមកហើយ។ ពេលត្រឡប់មកផ្ទះពីធ្វើការវិញ គាត់សប្បាយចិត្តពេលឃើញក្រុមគ្រួសារ ទោះបីគាត់មានអារម្មណ៍នឿយហត់ក៏ដោយ។ គាត់បាននិយាយថា គាត់ក៏បានឃើញពីភាពខុសគ្នានៃសុខភាពកូនគាត់ដែរ។

លោកថា "កូនរីករាយជាងមុនហើយ ក៏វាអត់សូវឈឺដូចមុនដែរ។"

កម្មវិធី «គ្រួសាររីករាយ» ក៏បានជះឥទ្ធិពលជាវិជ្ជមានដល់អាពាហ៍ពិពាហ៍របស់គូស្នេហ៍នេះផងដែរ។ ពេលដែលឈ្លោះគ្នា ជំនួសឲ្យការខឹងសម្បារដាក់គ្នា ពួកគេទាំងពីររកពេលដើម្បីបន្ធូរអារម្មណ៍ ហើយសួរគ្នាថា ហេតុអ្វីបានជាឈ្លោះគ្នា? ពួកគេរកពេលស្តាប់គ្នាទៅវិញទៅមក ហើយមិនព្យាយាមយកឈ្នះនោះទេ ហើយក៏មិនបង្កើតរឿងធំចេញពីរឿងតូចតាចដូចពីមុនដែរ។

ឥឡូវនេះ ធារី កំពុងធ្វើការជ្រលក់ព័ណ៌សូត្រយ៉ាងរីករាយសម្រាប់អង្គការក្រៅរដ្ឋាភិបាល។ សុជាតិ រកការងារជិតផ្ទះដោយមិនសូវធ្វើដំណើរឆ្ងាយដើម្បីនៅជិតគ្រួសារ។ កូនរបស់ប្ដីប្រពន្ធទាំងពីរក៏មានទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅមក និងរៀនបានយ៉ាងល្អនៅសាលា។ គ្រួសាររបស់ពួកគេបានប្រែក្លាយពី "សញ្ញាបែកបាក់" ទៅ "សញ្ញាពេញបរិបូរណ៌"។


"អត្ថបទ/វីដេអូឯករាជ្យនេះជាការផ្តួចផ្តើមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា និង EAC ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការការពារប្រសើរឡើង។ ទាំងនេះជាទស្សនៈទាំងស្រុងរបស់អ្នកនិពន្ធ និងមិនឆ្លុះបញ្ចាំងពីគោលជំហររបស់អង្គការទស្សនៈពិភពលោកទេ។"



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក