សៀមរាប៖ កូនអតីតអភិបាលខេត្តសៀមរាបលោក ឃឹម ប៊ុនសុង គឺលោក ឃឹម ហ្វីណង់ ត្រូវបាននាយករដ្ឋមន្ត្រីសម្រេចតែងតាំងជាអភិបាលរងខេត្តសៀមរាប បន្ទាប់ពីលោកបានកាន់តួនាទីជាអភិបាលស្រុកបន្ទាយស្រីជិត៣ឆ្នាំ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី៣០ ខែសីហា ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានតែងតាំងលោក ឃឹម ហ្វីណង់ និងមន្ត្រី៣រូបទៀតដែលរួមមានលោក សុខ ថុល លោកស្រី ម៉ននី រង្សី និងលោក យុន លីនណា ជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។
យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌថ្មី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ដល់ចំនួន ១១នាក់។
ថ្លែងបិទក្នុងពីធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របពេលដែលរដ្ឋាភិបាលបានផ្ទេរមុខងារកាន់តែច្រើនទៅរដ្ឋបាលថ្នាក់ក្រោមគឺជាកិច្ចការសំខាន់ដែលនាំឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការពារហានិភ័យផ្សេងៗ៕