ជនបរទេសដែលស្នាក់នៅកម្ពុជាលើសពី ២ឆ្នាំអាចស្នើសុំប័ណ្ណចូលទស្សនាប្រាសាទអង្គរ និងកោះកែរបានដោយមិនបង់ថ្លៃ
ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានជូនដំណឹងដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅកម្ពុជាចាប់ពី ២ឆ្នាំឡើងទៅ អាចទៅស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែររយៈពេលពេញមួយឆ្នាំដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា គ្រឹះស្ថានអង្គរបានជម្រាបដល់ មន្ត្រីការទូត វិនិយោគិន មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចធ្វើការបំពេញបែបបទនៃការស្នើសុំបណ្ណចូលទស្សនារមណីដ្ឋានអង្គរ និងប្រាសាទកោះកែរ តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ http://spass.angkorenterprise.gov.kh ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ឬទៅដាក់ពាក្យផ្ទាល់នៅគ្រឹះស្ថានអង្គរក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី ២ឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤ គុណ ៦ មួយសន្លឹក។
បើតាមគ្រឹះស្ថានអង្គរ ការសម្រេចនេះគឺដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្ដល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការចូលទស្សនារមណីដ្ឋានអង្គរបច្ចុប្បន្នមាន ៣ជម្រើសសម្រាប់ភ្ញៀវទេសចរណ៍គឺ ចូលទស្សនា១ថ្ងៃ តម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ ៦២ដុល្លារ និង៧ថ្ងៃ តម្លៃ ៧២ដុល្លារ។ ទោះជាយ៉ាងណាដើម្បីលើកទឹកចិត្តដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្ពុជា ភ្ញៀវទេសចរណ៍ដែលទិញបណ្ណ១ថ្ងៃ អាចទស្សនាបាន ៥ថ្ងៃ ទិញបណ្ណ ៣ថ្ងៃ អាចទស្សនាបាន ១០ថ្ងៃ និងទិញបណ្ណ ៧ថ្ងៃ គឺអាចបន្តចូលទស្សនារមណីរដ្ឋានអង្គរដល់ ៣០ថ្ងៃ ហើយចំពោះអ្នកទិញបណ្ណទស្សនារយៈពេលវែងគឺអាចចូលទស្សនាបានពី ២ខែ រហូតដល់១ឆ្នាំ ដែលមានសពុលភាពរហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកចំណូលបានពីការលក់បណ្ណទស្សនារមណីដ្ឋានអង្គរបានជាង ៣,៣លានដុល្លារអាមេរិក ដែលបានកើនឡើងជាង ១ពាន់ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១៕