ចិនផ្ដល់រថយន្ត ១៥០គ្រឿងដល់ក្រសួងការពារជាតិសម្រាប់គាំទ្រដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅចុងឆ្នាំ
ភ្នំពេញ៖ រថយន្តចំនួន ១៥០គ្រឿងដែលជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់មកជូនក្រសួងការពារជាតិកម្ពុជាជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រសួងការពារជាតិគាំទ្រដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឆ្នាំនេះ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការផ្ដល់របស់សាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជានៅពេលនេះគឺឆ្លើយតបតាមសំណើររបស់កម្ពុជាដែលបានដាក់សំណើរស្នើសុំទៅកាន់ប្រទេសចិនកាលពីកន្លងទៅ។ សម្ដេចបន្ថែមថាក្នុងចំណោមរថយន្តទាំង ១៥០គ្រឿងនេះគឺមានមួយចំនួននឹងត្រូវយកជូនដំណើរប្រតិភូជាន់ខ្ពស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ានដែលនឹងមកចូលរួមកិច្ចប្រជុំនាពេលខាងមុខ។
សម្ដេចពិជ័យសេនាថ្លែងថា៖ «នេះគឺជាទឹកចិត្តដ៏ស្មោះស្ម័គ្រគឺបានឆ្លើយតបតាមពេលវេលា យើងដាក់បញ្ហាតាំងពីមុនមកឥឡូវមកដល់ពេលនេះគឺបានមកកន្លែងនេះដោយជោគជ័យរួចហើយ»។
រថយន្តដែលប្រគល់ជូននៅថ្ងៃនេះគឺសុទ្ធតែជារថយន្តទំនើបរបស់ប្រទេសដែលមានដូចជាម៉ាក់ Hongqi GAC និង Haval។
ពិធីប្រគល់នេះធ្វើឡើងនៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានតំណាងកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតចិនចូលរួមជាសាក្សីផងដែរ៕