ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ានី អស់សំណើចចំពោះការវិភាគដែលថាលោកប្រជែងតំណែងអនាគតនាយករដ្ឋមន្ត្រីពីបងប្រុស

ភ្នំពេញ៖ សមាជិកសភាលោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការវិភាគដែលថា លោកកំពុងប្រជែងគ្នាដណ្ដើមតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគតជាមួយលោក ហ៊ុន ម៉ាណែត គឺជារឿងមួយដែលអស់សំណើច។

លោក ហ៊ុន ម៉ានី បានផុសនៅលើទំព័រហ្វេសបុករបស់លោកនៅល្ងាចនេះថា កន្លងមកលោកបានលើកឡើង និងបកស្រាយជាសាធារណៈ និងបន្តបន្ទាប់ថាលោកគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រីបន្តពីសម្ដេចតេជោ ហើយការប្រកាសនេះមិនត្រឹមតែចេញពីទង្វើទាំងឡាយដែលលោកបាន និងកំពុងធ្វើនាពេលកន្លងមកទេ។

លោកថា៖ «លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ»។

លោកចាត់ទុកការវិភាគរបស់អ្នកវិភាគមួយចំនួនដែលថាលោកមានបំណងប្រជែងតំណែងនាយករដ្ឋមន្ត្រីជាមួយបងប្រុសគឺជារឿងអុចអាល ញុះញង់ និងជារឿងអស់សំណើចទៀតផង ខណៈការលើកឡើងទាំងនេះនឹងក្លាយជាមូលដ្ឋានសាមគ្គីផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសារត្រកូលហ៊ុនផងដែរ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅអ្នកវិភាគម្នាក់ដែលរត់ទៅនៅក្រៅប្រទេសជាមួយកូនឱ្យចេះគ្រប់គ្រងគ្រួសារខ្លួនឯងសិនទៅ បើគ្រាន់តែប្រពន្ធម្នាក់មិនអាចរស់នៅចុះសម្រុងបានផងនោះ មិនគួរចេញមកវិភាគរឿងរ៉ាវគ្រួសាររបស់សម្ដេចនោះទេ។

ការឆ្លើយតបរបស់សម្ដេចនេះគឺតបទៅលើការវិភាគរបស់អ្នកវិភាគម្នាក់ដែលទំនងជាលោក គឹម សុខ ដែលបានវិភាគជាមួយសារព័ត៌មានបរទេសផ្សាយជាខេមរភាសារថា កូនរបស់សម្ដេច ២នាក់គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ប្រជែងគ្នាសម្រាប់ដំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។

កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ការបោះឆ្នោតនេះត្រូវបានគាំទ្រពីសមាជិកទាំងអស់នៃគណបក្សរួមទាំងលោក ហ៊ុន ម៉ានី ផងដែរ។

ក្នុងសេចក្ដីប្រកាសគាំទ្រចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ក្នុងនាមជាមាជិកគណកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនមួយរូបបានចាត់ទុកលោក ហ៊ុន ម៉ាណែត ជាមនុស្សម្នាក់ដែលពោរពេញដោយ សមត្ថភាព បទពិសោធន៍ ចំណេះដឹង ទេពកោសល្យ សីលធម៍ ដែលកំពុងទទួលបានការគោរពស្រលាញ់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកមានជំនឿថាបងប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ពិតជាសាកសមជាមួយតំណែងនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

លោកលើកឡើងថា៖ «ខ្ញុំបាទមានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺពិតជាឥស្សរជនដែលស័ក្តិសមជាអនាគត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះឆ្នោតពីប្រជាពលរដ្ឋ ដើម្បីបន្តវេនដឹកនាំ ការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្តិនាមជាតិ និងជំរុញវឌ្ឍនភាពសង្គមលើគ្រប់វិស័យនាពេលអនាគត»។

លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក