ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សុកុណា ឱ្យហៅអ្នករៀបចំកម្មវិធី Miss Grand Cambodia ទៅណែនាំបន្ទាប់ពីមានរូបភាពធ្វើឱ្យប៉ះពាល់ដល់សង្គម វប្បធម៌ និងកិត្តិយសស្ត្រីខ្មែរ ត្រូវបានមហាជនរិះគន់។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថាអ្នកដើរម៉ូតគ្មានកំហុសទេ តែអ្នកដែលមានកំហុសគឺអ្នករៀបចំកម្មវិធីដែលត្រូវហៅមកជជែកគ្នា។
លោកថា៖ «ថ្ងៃក្រោយសុំឱ្យមើលរឿងនេះឡើងវិញបន្ដិច។ ខ្ញុំមិនថាខុសត្រូវយ៉ាងមិចទេ ក៏ប៉ុន្ដែមតិមហាជនបានសំដែងនូវការសោកស្ដាយយើងត្រូវស្ដាប់នូវសំឡេងនេះផង ហើយធ្វើការកែតម្រូវ។ ក្មួយៗដែលជាអ្នកទៅសំដែងគឺអត់មានកំហុសទេគឺគេឱ្យសំដែងយ៉ាងមិចទៅតែសំដែងអ៊ីចឹង។ អត់មានកំហុសទេ គេឱ្យស្លៀកអី ត្រូវស្លៀកអញ្ចឹង បើមិនស្លៀកដូចគេវាខុសស្ដង់ដារប្រកួត អ៊ីចឹងវាអត់មានខុសអីក្មេងៗដែលទៅប្រកួតទេ វាខុសអ្នកចាត់ការអ្នកដឹកនាំ»។
អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់ EAC New ថាករណីនៃការបែកធ្លាយរួបនៃការប្រកួតប្រជែង Miss Grand Cambodia ត្រូវបានក្រសួងកោះហៅអ្នករៀបចំមកណែនាំ និងឱ្យសុំទោសជាសាធារណៈម្ដងរួចមកហើយកាលពីថ្ងៃទី២៥ ខែសីហា។ លោកបានឱ្យដឹងថា រូបភាពទាំងនោះត្រូវបានអ្នករៀបចំថាគ្រាន់តែជាការធ្វើតេស្តប៉ុណ្ណោះមិនមែនជាការប្រកួតពិតប្រាកដនោះទេ តែទោះជាយ៉ាងណាក្រសួងតម្រូវឱ្យអ្នករៀបចំត្រូវបកស្រាយឱ្យបានច្បាស់លើបញ្ហានេះ។
លោកយល់ថាពេលខ្លះ ការធ្វើឱ្យធ្លាយវីដេអូ និងរូបភាពទាំងនេះជាចេតនារបស់អ្នករៀបចំដើម្បីទាក់ទាញឱ្យមហាជនចូលមើលកម្មវិធីខ្លួន ដែលលោកថាជាទង្វើគ្មានសីលធម៌បំផុត។
ក្រោយពីនាយករដ្ឋមន្ត្រីប្រកាស អ្នកនាំពាក្យរូបនេះបញ្ជាក់ថានៅថ្ងៃខាងមុខក្រសួងនឹងកោះហៅអ្នករៀបចំមកម្ដងទៀត និងផ្ដល់ឱ្យក្រុមប្រឹក្សាវិន័យ និងលើកសរសើរដើម្បីពិចារណាពីចំណាត់ការបន្ថែម។
ការរៀបចំព្រឹត្តិការណ៍ Miss Grand Cambodia គឺស្ថិតក្រោមការរៀបចំរបស់ផលិតកម្មមហាហង្សរបស់លោក អិន សុភិន។
កាលពីថ្ងៃទី២៤ ខែសីហា មានការលេខចេញនូវបង្ហាញនូវតារាបង្ហាញម៉ូតជាស្ត្រីខ្មែរគ្រងសម្លៀកបំពាក់នារីធ្វើការកាស៊ីណូដែលថាជាសម្លៀកបំពាក់តំណាងក្រុងបាវិត និងប៉ោយប៉ែត។ ការនេះធ្វើឱ្យមានប្រតិកម្មជាខ្លាំងពីមហាជន និងបានធ្វើឱ្យមានការរិះគន់កាន់តែខ្លាំងនៅពេលមានការអ្នករៀបចំកម្មវិធីឱ្យស្ត្រីខ្មែរស្លៀកស្ទើរចេញល្វែងក្រោមដើរបង្ហាញម៉ូត។
ករណីទាំងពីរនេះត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនៅព្រឹកថ្ងៃពុធនេះឱ្យក្រសួងវប្បធម៌ពិនិត្យមើលឡើងវិញ និងមានវិធានការការពារកុំឱ្យកើតមាននៅថ្ងៃក្រោយទៀត៕









