សម្ដេចតេជោឱ្យអភិបាលខេត្តសៀមរាបត្រៀមមធ្យោបាយដឹកជញ្ជូនក្រុមអ្នកគាំទ្រលោក ខឹម វាសនា ទៅខេត្តពួកគេវិញ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់អភិបាលខេត្តសៀមរាបលោក ទៀ សីហា ឱ្យត្រៀមមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋដែលចាញ់បោកលោក ខឹម វាសនា ហើយគ្មានលទ្ធភាពត្រលប់ទៅខេត្តរបស់ពួកគេវិញ។
បន្ថែមលើនេះសម្ដេចក៏បញ្ជាឱ្យរៀបចំបាយម្ហូបជូនអ្នកទាំងនោះផងដែរ និងស្នើដល់លោក ខឹម វាសនា អនុញ្ញាតឱ្យពលរដ្ឋទាំងនោះចេញទៅផ្ទះវិញ។
សម្ដេចតេជោថ្លែងថា៖ «ខ្ញុំក៏អំពាវនាវឱ្យពលរដ្ឋនាំគ្នាដើរចេញមក មានឡានចាំដឹក ហើយក៏មានបាយជូនផងដែរ»។
សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ៕