ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទម្លាយពីគម្រោងចង់បង្កើតក្រុងល្វាឯមក្នុងខេត្តកណ្ដាល ដោយសារមានសក្ដានុពលនៃការរីកចម្រើន។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីសិក្សារួចគឺត្រូវប្រគល់ក្រុងនេះឱ្យខេត្តកណ្ដាលដើម្បីគ្រប់គ្រង និងមិនអនុញ្ញាតឱ្យមានការរត់ការដើម្បីធ្វើជាអភិបាលក្រុងនោះទេ ដោយថាការសម្រេចចិត្តគឺស្ថិតលើរដ្ឋាភិបាល។
សម្ដេចតេជោថា ការសម្រេចចិត្តបែបនេះគឺដោយសារការពីមុនក្នុងពេលដែលរដ្ឋាភិបាលកំពុងសិក្សាពីការបង្កើតខេត្តថ្មីចំនួន ២ទៀត មានមនុស្សមួយចំនួនបានរត់ការដើម្បីសុំតំណែងអភិបាលខេត្តដែលធ្វើឱ្យសម្ដេចសម្រេចលុបចោលគម្រោងនៃការបង្កើតខេត្តទាំងនោះ។
សម្ដេចថា៖ «គ្រាន់តែសុំរម្លឹក អត់មានបានឱ្យកាត់មកភ្នំពេញទៀតទេ! ភ្នំពេញប៉ុនហ្នឹងបានហើយទុកឱ្យខេត្តកណ្ដាលគេគ្រប់គ្រង»។
ប្រសិនជាការបង្កើតនេះត្រូវបានសម្រេចធ្វើឱ្យខេត្តកណ្ដាលមានក្រុងចំនួន២ គឺក្រុងតាខ្មៅ និងក្រុងល្វាឯម ឬស្វាយជ្រុំ៕