ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយតំណាងរាស្ត្រសហរដ្ឋអាមេរិក មកពីរដ្ឋតិចសាស់ លោកស្រី Elizabeth Ann Van Duyne ដែលចង់កសាងទំនាក់ទំនងល្អជាមួយកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។
ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅវិមានសន្ដិភាពលោកស្រី Elizabeth Ann Van Duyne បានជម្រាបសម្ដេចតេជោ ហ៊ុន សែន ថាលោកស្រី និងប្រតិភូសភាអាមេរិកមកទស្សនកិច្ចនៅកម្ពុជាពេលនេះគឺដើម្បីជំរុញទំនាក់ទំនងកម្ពុជាអាមេរិកឱ្យកាន់តែខ្លាំងក្លាតាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិនៃទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋមេរិក និងបានឯកភាពជាមួយលោកស្រី Elizabeth ផងដែរពីការចង់ឱ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែខ្លាំងដោយថា «យើងនាំគ្នាសំឡឹងទៅមុខ ក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នជាពិសេសលើវិស័យពាណិជ្ជកម្មវិនិយោគនិងអប់រំធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង»។
ទំនាក់ទំនងកម្ពុជា-អាមេរិក ចាប់ផ្ដើមនៅឆ្នាំ១៩៥០ ក្នុងពេលដែលពិភពលោកកំពុងមានវិបត្តិសង្គ្រាមត្រជាក់។ ទំនាក់ទំនងនេះត្រូវបានគេមើលឃើញថាមានទាំងល្អនិងអាក្រក់ជាមួយគ្នាតាំងពីចាប់ផ្ដើម បន្ថែមលើនេះក្នុងពេលដែលកម្ពុជានិងប្រទេសចិនកាន់តែកៀក ភាពរកាំរកូសនៃទំនាក់ទំនងកម្ពុជា-អាមេរិកក៏ត្រូវបានមើលឃើញកាន់តែច្បាស់ថែមទៀត។ បើទោះជាយ៉ាងណាក្នុងឱកាសជួបជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដាជាង២ពាន់នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកបានដើរដល់ចំណុចកំពូលក្នុងប្រវត្តិសាស្ត្រទាំងទំនាក់ទំនងការទូត និងពាណិជ្ជកម្ម។
សម្ដេចតេជោជឿថា បញ្ហាមួយចំនួនដែលកម្ពុជា-អាមេរិក បានយល់ច្រលំនឹងគ្នានឹងអាចធ្វើការស្រម្រុះសម្រួលជាមួយគ្នាតទៅទៀត។ សម្ដេចថា «កម្ពុជាចង់ជាមិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោក រួមទាំងអាមេរិកផងដែរ»៕
PHOTO: KOK KY