លុចហ្សំបួរ: នៅថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រកាសបញ្ចូលក្រុមមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ា៨រូប និងក្រុមហ៊ុនចំនួន៣ដែលមានទំនាក់ទំនងជាមួយយោធាទៅក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ជុំវិញការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ និងការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។
បើតាមក្រុមមន្ត្រីអឺរ៉ុប អ្នកដែលជាប់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ទិដ្ឋាការខាងលើ ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីមហាផ្ទៃ, ហិរញ្ញវត្ថុ, ធនធានធម្មជាតិ និងរដ្ឋមន្ត្រីដឹកជញ្ជូន ហើយថែមទាំងសហភាពអឺរ៉ុបក៏បានបញ្ចូលអង្គការអតីតយុទ្ធជនមីយ៉ាន់ម៉ា (Myanmar War Veterans Organisation) ដែលដើរតួរជាកងកម្លាំងបម្រុងរបស់យោធាមីយ៉ាន់ម៉ាទៅក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្មផងដែរ។
ប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ននៅតែបន្តស្ថិតនៅក្នុងភាពវឹកវរ និងអំពើហិង្សា ចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចកាលពីខែកុម្ភៈមក៕