ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានរកឃើញជនបរទេសចំនួន ៤០នាក់ ដែលមានមួយចំនួនបានចូលមកកម្ពុជាដោយខុសច្បាប់ និងមួយចំនួនទៀតចាញ់បោកមេខ្យល់ឱ្យបម្រើការងារអនឡាញ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ កាលពីថ្ងៃសៅរ៍ ទី២៩ ខែសីហា។
ការរកឃើញមនុស្សទាំងនេះធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ដោយមួយកន្លែងក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៦ ខែសីហា ដោយរកឃើញជនបរទេសចូលមកថ្មីខុសច្បាប់ដើម្បីបម្រើការងារអនឡាញដែលក្នុងនោះសុទ្ធសឹងតែជនជាតិចិន និងបានឃាត់ខ្លួនអ្នកគ្រប់គ្រងជាជនជាតិចិន ៣នាក់ ដើម្បីសាកសួរផងដែរ។
ចំណែកមួយករណីទៀត បានប្រតិបត្តិការនៅម៉ោងជាង ៣រសៀល ដោយសមត្ថកិច្ចបានចុះទៅក្រុមហ៊ុនមួយកន្លែងឈ្មោះ ជីនប៉ី៤ ដែលមានទីតាំងស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន ៥នាក់ និងឃាត់ខ្លួនម្នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរបន្ត។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្តថា ក្រោយពីបានធ្វើការសាកសួរទៅលើជនជាតិម៉ាឡេស៊ីទាំង៥នាក់ បានឱ្យដឹងថា ពួកគេបានចូលមកកម្ពុជាដើម្បីមកធ្វើការងារ ដែលបានទំនាក់ទំនងមកតាមរយៈការផ្សព្វផ្សាយ (FACEBOOK) ដោយប្រាប់ថា ទទួលបានប្រាក់ខែច្រើន ចាប់ពី ១៨០០$ (មួយពាន់ប្រាំបីរយដុល្លារអាមេរិក) ក្នុងមួយខែ ហើយឱ្យធ្វើការងារផ្នែកគ្រប់គ្រង។ ក្នុងពេលធ្វើដំណើរពីប្រទេសម៉ាឡេស៊ី គឺខាងក្រុមហ៊ុនជាអ្នកចំណាយទាំងអស់ (ហូបចុក និងការស្នាក់នៅ) ហើយពេលមកដល់កម្ពុជា មានរថយន្តនៅចាំទទួលហើយដឹកមកចូលធ្វើការងារនៅខេត្តព្រះសីហនុតែម្តង តែបែរជាអោយពួកគេធ្វើការងារផ្នែកអនឡាញទៅវិញ។
លោកបន្ថែមថា ក្រោយពេលធ្វើការងារបានប្រហែល ២ខែ ខាងក្រុមហ៊ុនក៏បញ្ជូនពួកគេពីទីតាំងក្រុមហ៊ុន១ ទៅក្រុមហ៊ុន១ទៀត រហូតដល់ក្រុមហ៊ុនជីនប៉ី៤ ដែលមានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ហើយពេលទៅដល់ខាងក្រុមហ៊ុនបានដកយកលិខិតឆ្លងដែន និងទូរស័ព្ទដៃចេញទាំងអស់ និងបានចុះកិច្ចសន្យាការងាររយៈពេល១ឆ្នាំផងដែរ ដោយទទួលប្រាក់ខែ ៩០០$ ទៅ ១០០០$ តែប៉ុណ្ណោះ។
ក្នុងកំឡុងពេលធ្វើការងារនៅក្រុមហ៊ុនជីនប៉ី៤ ពួកគេឱ្យធ្វើការងារផ្នែកអនឡាញដដែល ហើយពួកគេបានបង្ខំឱ្យធ្វើការច្រើនម៉ោង ពី១៧ម៉ោង ទៅ១៨ម៉ោង ក្នុង១ថ្ងៃ ហើយមិនបានបើកបា្រក់ខែទៅតាមការព្រមព្រៀង ដោយត្រូវបានកាត់បន្ថយតាមការងារជាក់ស្តែងទៅវិញ។ ដោយមានការនឿយហត់នឹងការងារ ពួកគេក៏បានទៅសុំក្រុមហ៊ុនលាឈប់ តែពួកគេមិនអនុញ្ញាតលុះត្រាតែបង់លុយឱ្យក្រុមហ៊ុនវិញ ២២០០០ដុល្លារ ទើបអាចឈប់បាន និងគម្រាមបញ្ជូនបន្តទៅក្រុមហ៊ុនផ្សេងនៅប្រទេសមីយ៉ាន់ម៉ាទៀតផង។ ដោយមានការភ័យខ្លាចនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ពួកគេក៏បានរួមគំនិតគ្នាប្តឹងទៅស្ថានទូត ដើម្បីសុំជួយអន្តរាគមន៍សង្គ្រោះចេញពីក្រុមហ៊ុនតែម្តង។
ពួកគេទាំង៥នាក់ ក្នុងកំឡុងពេលធ្វើការងារនៅក្នុងក្រុមហ៊ុន ពួកគេពុំមានការធ្វើទារុណកម្មលើរូបរាងកាយ ឬបង្ខាំងអ្វីនោះទេ គឺគ្រាន់តែខាងក្រុមហ៊ុននិយាយគម្រាម និងឱ្យធ្វើការងារលើសម៉ោងកំណត់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ពួកគេទាំង០៥នាក់ ចង់ឈប់ធ្វើការងារ ហើយត្រឡប់ទៅប្រទេសកំណើតវិញ៕