អ្នករាយការណ៍ពិសេស UN គាំទ្រឱ្យកម្ពុជាប្រើច្បាប់ទូរគមនាគមន៍កំណត់អត្តសញ្ញាណជនរងគ្រោះនៃអំពើជួញដូរមនុស្ស
ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក វិធិត ម៉ាន់តាផន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃសុក្រទី២៦ ខែសីហា នេះដោយជំរុញដល់រាជរដ្ឋាភិបាលទទួលយករបៀបវារៈសកម្មភាពសិទ្ធិមនុស្សចំនួន១០ ចំណុច និងបានជំរុញដល់រដ្ឋាភិបាលកម្ពុជាធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះអំពើជួញដូរមនុស្ស។
លោក វិធិត ម៉ាន់តាផន បានលើកឡើងថាកម្ពុជាបានក្លាយពីប្រទេសនៃប្រភពនៃការជូញដូរ ទៅគោលដៅនៃការជួញដូរមនុស្សដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសនេះជាខ្លាំង។ លោកជំរុញដល់រដ្ឋាភិបាលអនុវត្តន៍ច្បាប់ទូរគមនាគមន៍ដែលមានស្រាប់ និងស្នើឱ្យរាជរដ្ឋាភិបាលរៀបចំផែនការដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះនៃការបោកប្រាស់ និងការជួញដូរមនុស្ស តាមចរិតលក្ខណៈអំណោយផលដល់ជនរងគ្រោះ និងប្រកាន់ខ្ជាប់នូវការចូលរួមពីសាធារណៈមតិ។
លោកថា៖ «ឥឡូវប្រទេសជាំច្រើន បានក្រោកពីបាតុភូតនៃការជួញដូរហើយប្រទេសកម្ពុជាត្រូវបានដាក់ដំណើរការវិធានការប្រឆាំងឱ្យបានរឹងមាំ ខណៈពេលនោះក៏គួរស្វាគមន៍កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីអន្តរជាតិ»។
នៅថ្ងៃទី២៦ ខែសីហា នេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានចេញសេចក្ដីអំពាវនាវដល់សាធារណជនជាតិ និងអន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលា។
សម្ដេចក្រឡាហោមលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តប្ដេជ្ញាចិត្តប្រកបដោយឆន្ទះមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមានដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក ជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្ដល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពោះជួញដូរនៅកម្ពុជា»។
របាយការណ៍ក្រសួងមហាផ្ទៃឱ្យដឹងថាចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរកម្ពុជាបានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៥៥នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១៧ករណី ដែលមានជនសង្ស័យសរុបចំនួន ៦០នាក់៕