ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ថា ចំពោះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Vitit Muntarbhorn ថាកម្ពុជាមានឆន្ទះក្នុងការបង្កើតឱ្យមានតុលាការជំនាញដោះស្រាយក្នុងវិស័យនានារួមទាំងតុលាការអនីតិជនផងដែរ តែអ្វីដែលចោទជាបញ្ហានៅពេលនេះគឺទាក់ទងនឹងធនធានមនុស្សនៅកម្ពុជា។
ក្នុងជំនួបកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ម្សិលមិញនេះលោករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា កម្ពុជាពិតជាមានឆន្ទៈក្នុងការបង្កើតឱ្យមានតុលាការជំនាញក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងវិស័យនានាដូចជា តុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការការងារ តុលាការពាណិជ្ជកម្ម និងតុលាការអនីតិជន ប៉ុន្តែបច្ចុប្បន្នធនធានមនុស្សនៅកម្ពុជា ជាពិសេសចំនួនចៅក្រម និងព្រះរាជអាជ្ញានៅមិនទាន់ឆ្លើយតបនឹងទំហំការងារនៅឡើយ ហេតុនេះកម្ពុជាត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្កើតឱ្យមានតុលាការជំនាញទាំងនេះ។
លោករដ្ឋមន្ត្រីក៏បានគូសរំលេចផងដែរថាកម្ពុជាកំពុងខិតខំប្រឹងប្រែង និងព្យាយាមដោះស្រាយបញ្ហាប្រឈមជាជំហ៊ានៗ ផ្អែកលើលទ្ធភាព ធនធាន និងតថភាពជាក់ស្តែងរបស់សង្គមកម្ពុជា និងបានខិតខំប្រឹងប្រែងធ្វើការងារជាច្រើនក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។
លោក កើត រិទ្ធ បានស្នើសុំឱ្យ លោក Vitit Muntarbhorn រៀបចំរបាយការណ៍ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ ឱ្យមានតុល្យភាព យុត្តិធម៌ និងត្រឹមត្រូវ ព្រមទាំងឆ្លុះបញ្ចាំងផងដែរអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការលើកទឹកចិត្តដល់អ្នកដែលបានប្រឹងប្រែង និងបានសំណូមពរផងដែរឱ្យលោក Vitit Muntarbhorn ជួយក្នុងការសម្របសម្រួលជាមួយភាគី និងដៃគូពាក់ព័ន្ធ ដើម្បីបន្តផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
តុលាការអនីតិជន ត្រូវបានគេស្គាល់ថាជាតុលាការកាត់ទោសលើជនល្មើសវ័យក្មេង ឬតុលាការកុមារ គឺជាសាលាក្តីដែលមានសិទ្ធិអំណាចពិសេសក្នុងការកាត់សេចក្តីសម្រាប់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយកុមារដែលមិនទាន់ឈានដល់អាយុជាអនីតិជន។ នៅក្នុងប្រព័ន្ធច្បាប់ទំនើបភាគច្រើន កុមារដែលប្រព្រឹត្តបទឧក្រិដ្ឋត្រូវបានកាត់ទោសខុសពីមនុស្សពេញវ័យដែលប្រព្រឹត្តបទល្មើសដូចគ្នា៕