ភ្នំពេញ៖ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានស្នើដល់រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក លីវ ជានឆាវ ឱ្យបន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ។
ការស្នើនេះធ្វើឡើងក្នុងពេលដែលលោក ហ៊ុន ម៉ាណែត មានជំនួបជាមួយលោក លីវ ជានឆាវ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះគណបក្សកុម្មុយនីស្តចិនដែលតែងតែជួយឧបត្តម្ភគាំទ្រដល់គណបក្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជា។ លោកបានស្នើឱ្យចិនបន្តជួយសម្រួលដល់និសិ្សតកម្ពុជា ក្នុងការវិលត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញ និងជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគ លើវិស័យកសិកម្ម និងបន្តជំរុញឱ្យមានអ្នកទេសចរណ៍មកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ។
រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោក លីវ ជានឆាវ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍ លើគ្រប់វិស័យដែលប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែល្អប្រសើរ និងតួនាទីរបស់កម្ពុជា លើឆាកអន្តរជាតិ កាន់តែត្រូវបានលើកកម្ពស់។
លោកបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាចំពោះភាពជាម្ចាស់ និងមាគ៌ាដឹកនាំរបស់ខ្លួន ក្នុងការការពារសន្តិភាព អធិបតេយ្យភាព និងការអភិវឌ្ឍ ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។
បន្ថែមពីនេះលោក ហ៊ុន ម៉ាណែត បានជម្រាបជូនភាគីចិនថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រទេសកាន់អំណាច ប្រកាន់ខ្ជាប់ចំពោះគោលនយោបាយចិនតែមួយឥតងាករេ នៅគ្រប់កាលៈទេសៈទាំងអស់។ លោកក៏បានប្តេជ្ញាបន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕