ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានផ្ដល់អំណោយជាលើកទី៣ ដល់អង្គការផ្ទះបាយកុមារដើម្បីគាំទ្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ ប្រមាណ ២៨០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានសម្ដែងនូវក្ដីសប្បាយរីករាយដែលបានឃើញនួវការយកចិត្តទុកដាក់របស់អង្គការចំពោះកុមាររងគ្រោះ និងងាយរងគ្រោះទាំងនេះ។ លោកស្រីបញ្ជាក់ថាកាកបាទក្រហមនៅតែបន្តគាំទ្រ និងជួយដល់ជនងាយរងគ្រោះបន្តទៀតផងដែរ។
លោកស្រីថ្លែងថា៖ «យើងដឹងហើយស្រាប់ហើយដែលកាកបាទក្រហមកម្ពុជាតែងបានទទួលថវិការពីសប្បុរសជននៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។ អញ្ចឹងទេ នៅក្នុងការដែលយើងបានទទួលថវិការមកនេះយើងតែមានសកម្មភាពជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ហើយនៅទីនេះគឺអាចហៅបានថាងាយរងគ្រោះបំផុតហើយ»។
ប្រធានអង្គការផ្ទះបាយកុមារ លោក ង៉ូវ ឈីវ បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជាដែលបានគិតគូរពីសុខទុក្ខព្រមទាំងបានឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់។
លោកបានបញ្ជាក់ពីគោលបំណងរបស់អង្គការផ្ទះបាយកុមារ៖ «គឺជួយដល់កុមារទុរគតទាំងឡាយឱ្យទទួលបានការហូបចុកគ្រប់គ្រាន់ ជៀសផុតពីជំងឺនានា ហើយទទួលបានការសិក្សារៀនសូត្រ និងជៀសផុតពីគ្រឿងញៀន។ ជាក់ស្តែង មានយុវជនជាច្រើននាក់ដែលធ្លាប់ជ្រកក្រោមដំបូលអង្គការផ្ទះបាយកុមារ បានចូលរៀនដល់ថ្នាក់មហាវិទ្យាល័យ មានការងារធ្វើសមរម្យ ហើយមានអ្នកខ្លះទៀត ក៏បានស្ម័គ្រចិត្តមកជួយដល់កុមារតូចៗជំនាន់ក្រោយនៅក្នុងអង្គការផងដែរ»។
អំណោយដែលកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់អង្គការផ្ទះបាយកុមារនៅពេលនេះរួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល អង្ករ ៣តោន និងគ្រឿងឧបភោគបរិភោសំខាន់ៗជាច្រើនទៀត។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង បានឧបត្ថម្ភបន្ថែមនូវអង្ករចំនួន ១០០គីឡូក្រាម មី ១០កេស និងទឹកបរិសុទ្ធ ១០កេសផងដែរ៕