ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវស្វែងរកព័ត៌មាននិងប្រភពនៃរូបថតចំនួន ៤សន្លឹក ដោយថារូបទាំងនេះមានជាប់ទាក់ទងទៅនិងប្រវត្តិនៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។
ការប្រកាសរបស់នាយករដ្ឋមន្ត្រីបែបនេះធ្វើឡើងនៅលើហ្វេសប៊ុកផេករបស់សម្ដេចដោយបានបង្ហាញរូបថតចំនួន ៤សន្លឹករបស់សម្ដេច។ ដែលសម្ដេចតេជោគិតថា ថតក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺ កន្លែង និងពេលវេលា។
សម្ដេចតេជោសង្ស័យ ៥កន្លែង ឬ៥ប្រទេសគឺ៖
១.ការប្រជុំក្រៅផ្លូវការហ្សាកាតា (JIM)
ទាំងពីរលើក១៩៨៨.១៩៨៩ និងការប្រជុំ
រៀបចំសមាសភាព SNC 1991 នៅ
ឥណ្ឌូណេសុី។
២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩
នៅប្រទេសបារាំង។
៣.ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន ១៩៩០។
៤.ការប្រជុំ SNC នៅបាងកក ឬប៉ាតាយ៉ា
ប្រទេសថៃ ១៩៩១។
៥.ការប្រជុំ SNC នៅប៉េកាំងប្រទេសចិន
១៩៩១។
សម្ដេចតេជោអំពាវនាវរកប្រភពព័ត៌មាននៃរូបទាំង៤នេះដោយថា៖ «ខ្ញុំសូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា»៕