ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េនឹងជួយកម្ពុជាទាំងថវិកា និងបទពិសោធន៍ក្នុងការស្ដារនីតិសម្បទាដល់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារ។ នេះជាការបញ្ជាក់របស់អតីតរដ្ឋមន្ត្រីការងារកូរ៉េ លោក Jaekap lee ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការងារកម្ពុជាលោក អ៉ិត សំហេង នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការងារកម្ពុជានៅទីស្ដីការក្រសួងនេះ លោក Jaekap Lee ដែលបច្ចុប្បន្នជា អ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា បានលើកឡើងថាក្រុមការងាររបស់លោកនឹងជួយក្រុមការងារកម្ពុជាលើផ្នែកនេះ ដើម្បីយកទៅអនុវត្តកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។ លោកបញ្ជាក់ថាលោកធ្លាប់បានចូលរួមចងក្រងជាគោលនយោបាយសម្រាប់គាំពារកម្មករនិយោជិតកូរ៉េ ដែលទទួលរងគ្រោះថ្នាក់នៅកន្លែងការងារ និងស្តារនីតិសម្បទាជូនពួកគាត់អាចវិលត្រឡប់ទៅធ្វើការដូចដើមវិញបាន។
រដ្ឋមន្ត្រីការងារកម្ពុជាលោក អ៉ិត សំហេង បានស្វាគមន៍ចំពោះគម្រោងជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ដោយសង្ឃឹមថាតាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយមកដល់កម្ពុជា ឲ្យវិស័យមួយនេះទទួលបាននូវលទ្ធផលល្អ។
ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េលោករដ្ឋមន្ត្រី អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរបន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសយើងទាំងពីរផង បានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។ លំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជា មានការកើនឡើងជាលំដាប់ បានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់៕