ភ្នំពេញ: កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ បន្ទាប់ពីបានផ្អាកនាំចូលមួយរយៈ ដោយសារតែការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌារួចមក។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសថាយោងតាមស្ថានភាពធូរស្រាល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កក នាពេលកន្លងមក រាជរដ្ឋាភិបាលបានសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងទៀត មានប្រភពមកពីប្រទេសឥណ្ឌា ដោយដាក់មកជំនួសវិញនូវ វិធានការបណ្តោះអាសន្នដូចខាងក្រោម៖
១, តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក។
២, នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថាយោងតាមពេលវេលានិងការវិវត្តជាក់ស្តែងការអនុវត្តលក្ខខណ្ឌទាំង២ខាងលើនេះអាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំងស្រុងផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បើរកឃើញថាអវិជ្ជមានជាបន្តបន្ទាប់៕