ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ ក្រមសីលធម៌គឺជាអាវក្រោះរបស់អ្នកកាសែត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានរម្លឹកពីភាពចាំបាច់នៃការរក្សាក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដោយថាការរក្សាបាននូវក្រមសីលធម៌នេះគឺអាចការពារអ្នកកាសែតពីការចោទប្រកាន់នានាបាន។ លោកក៏បានជំរុញដល់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចូលរួមបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានផងដែរ។

ថ្លែងក្នុងពេលទទួលជួបប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានគឺដើម្បីជួយដាស់តឿន តម្រង់ទិស និងដើម្បីកាត់បន្ថយលុបបំបាត់ឱ្យបាននូវការប្រើប្រាស់តួនាទីកាសែតមិនសមរម្យ ឬដូចករណីជេរប្រមាថដែលបានកើតមានកន្លងមក។

លោករដ្ឋមន្ត្រីថា៖ «ក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត»

ការលើកឡើងរបស់លោករដ្ឋមន្ត្រីនៅពេលនេះគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចដកអាជ្ញាប័ណ្ណផ្សព្វផ្សាយរបស់លោក សាន្ត ប៊ុនធឿន ក្រោយពីអ្នកសារព័ត៌មានរូបនេះបានយកការ Live តាមបណ្ដាញសង្គមហ្វេសបុកជេរជាសាធារណៈ។ ក្រសួងព័ត៌មានចាត់ទុកនេះជាទង្វើអសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់អ្នកសារព័ត៌មានអាជីព និងបំពានលើកិច្ចសន្យាអាជីវកម្មដែលបានតម្កល់ជាមួយក្រសួង។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ហ៊ុយ វណ្ណៈ បានជម្រាបរដ្ឋមន្ត្រីព័ត៌មានថាដើម្បីចូលរួមលើកស្ទួយដល់វិស័យសារព័ត៌មាននៅកម្ពុជានាពេលខាងមុខ សហព័ន្ធសម្រេចដាក់ចេញទិសដៅការងារលើសំណុំអាទិភាពចំនួន៣ធំគឺ សារព័ត៌មានអាជីព ការផ្សព្វផ្សាយមហាជនតាមបណ្តាញសង្គម និងការងារសាធារណមតិ។ ជាមួយគ្នានេះ សហព័ន្ធគ្រោងបើកវគ្គបណ្តុះបណ្តាលលើចំណេះដឹងជាអាទិភាព៥ ដែលមានមូលដ្ឋានគ្រឹះសារព័ត៌មាន ការដឹកនាំវិស័យសារព័ត៌មាន កិច្ចការអ្នកនាំពាក្យ កិច្ចការសាធារណៈ និងការបណ្តុះបណ្តាលវាគ្មិន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាលោក ខៀវ កាញារីទ្ធ បានថ្លែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារួមជាមួយសមាគមកាសែតជាង៥០នៅកម្ពុជានៅក្នុងការងារព័ត៌មាន និងការផ្សព្វផ្សាយនៅកម្ពុជា។ លោកក៏បានគាំទ្រដល់គម្រោងបន្តបើកវគ្គបណ្តុះបណ្តាលរបស់សហព័ន្ធ ក៏ដូចជាជួយចែករំលែកដល់អ្នកកាសែតពីការវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថល។

គួរបញ្ជាក់ថា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាប់បដិសន្ធិឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ បន្ថែមលើការទទួលស្គាល់ពី ក្រសួងព័ត៌មាន សហព័ន្ធក៏បានចុះឈ្មោះក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃជា «សមាគមសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា» តាមរយៈប្រកាសលេខ ៦២៦ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ បច្ចុប្បន្ន សហព័ន្ធមានរចនាសម្ព័ន្ធការងារដែលក្នុងនោះ គណៈកម្មការប្រតិបត្តិចំនួន ២២រូប ទីប្រឹក្សា ៩រូប លេខាធិការដ្ឋាន ៩រូប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក