ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ជាលើកទី៩ ដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងបុគ្គលិកនៃបុរីទារកនិងកុមារជាតិ កាលពីថ្ងៃទី២៣ ខែសីហា។
តំណាងប្រធានកាកបាទក្រហមកម្ពុជា និងជាអគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជាលោកស្រី ម៉ែន នារីសោភ័គ ដែលដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងផ្ដល់អំណោយថ្លែងថានេះជាលើកទី៩ ហើយដែលកាកបាទក្រហមបានផ្ដល់ និងនៅតែបន្តផ្ដល់ទៅមុខតាមការសន្យា និងណែនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោកស្រីថា៖ «ព្រោះនៅទីនេះទោះបីជាមានសម្ភារៈឧបករណ៍ហើយនឹងរបបអាហារដែលផ្គត់ផ្គង់ដោយក្រសួងសង្គមកិច្ចក៏ដោយតែការបង្ហាញមកដល់ទីនេះក៏បង្ហាញពីការលើកទឹកចិត្តមួយចំណែកដល់បុគ្គលិកដែលមកធ្វើការនៅទីនេះផង ដល់កុមារផង។ ព្រោះអាណិតណាស់!»
ប្រធានបុរីទារក និងកុមារជាតិ ដែលតំណាងឱ្យបុគ្គលិក និងកុមារចំនួន ២៤៥នាក់ លោកស្រី ថោ ពៅ បានថ្លែងអំណរគុណជូនចំពោះ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ក្តីមេត្តា ករុណា ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ក្មួយៗចៅៗកុមារទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ។
ជាមួយគ្នានេះ អ្នកស្ម័គ្រចិត្តបរទេស ២រូប ក៏បានសម្តែងនូវចំណាប់អារម្មណ៍ និងក្តីស្រឡាញ់ពេញចិត្តចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសេសបានរួមចំណែកមើលថែទាំកុមារនៅក្នុងមណ្ឌល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាដែលបានផ្តល់អំណោយជាបន្តបន្ទាប់ដល់បុរីទារក និងកុមារជាតិនេះ។
អំណោយដែលផ្ដល់ដល់បុរីទារក និងកុមារជាតិ រួមមានអង្ករ ២តោន មី២០កេស ត្រីខ ៣កេស ទឹកក្រូច ១០កេស ទឹកបរិសុទ្ធ ១០កេស ទឹកស៊ីអ៊ីវ ៣០ដប អំបិល ៥០គីឡូក្រាម ជែល ២០កេស ម៉ាស់ ១កេស ឈុតខោអាវក្មេង ២កេស ទឹកភេសជ្ជៈប៉ូការីស្វេត ១២កេស ពោតស្រស់៣បាវ និងថវិកា ១០លានរៀល។ ដោយឡែក លោកគ្រូអ្នកគ្រូ ៨៣នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល និងកាបូប១។
ជាទូទៅកាកបាទក្រហមកម្ពុជាតែងតែផ្ដល់ផ្គង់និងផ្ដល់ជំនួយប្រចាំឆ្នាំដល់មណ្ឌលមនុស្សធម៌ជាច្រើននៅកម្ពុជា ក្នុងឆ្នាំ២០២២នេះបន្ទាប់ពីទិវាកាកបាទក្រហម អឌ្ឃច័ន្ទក្រហម ៨ ឧសភា កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារ ជូនដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា (លើកទី១១) និងថវិកាចំនួន ៥ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប (លើកទី៤) ក្នុងពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ២លានដុល្លារ ជូនដល់អាជ្ញាធរមីន ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កាកបាទក្រហមកម្ពុជា ក៏បានត្រៀមលក្ខណៈ ក្នុងការចូលរួមត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះជាដើម៕