ភ្នំពេញ: ក្តីរំពឹងរបស់អាជីវករដែលបានផ្អាកអាជីវកម្មបណ្តោះអាសន្នដោយសារស្ថានភាពប្រឈមហានិភ័យខ្ពស់ អាចនឹងត្រូវប្រើរយៈពេល១៤ថ្ងៃទៀត ដើម្បីរង់ចាំការអនុញ្ញាតឱ្យបើកឡើងវិញ ពោលគឺនៅថ្ងៃអាទិត្យទី០៤ ខែកក្កដា ២០២១ ខាងមុខនេះ ព្រោះរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសពន្យារពេលនៃការផ្អាកបណ្តោះអាសន្ននូវអាជីវកម្មដែលមានហាវិភ័យខ្ពស់បន្ថែមរហូតដល់១៤ថ្ងៃទៀត គឺដល់ថ្ងៃសៅរ៍ទី០៣ ខែកក្កដា។
សាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខារ៉ាអូខេ ក្លឹបរាត្រី បៀរហ្កាឌិន កាស៊ីណូ សារមន្ទីរកន្លែងម៉ាស្សា និងក្លឹបហាត់ប្រាណ ត្រូវបានគេចាត់ទុកថា ជាអាជីវកម្ម ហានិភ័យខ្ពស់សម្រាប់ការចម្លងមេរោគកូវីដ-១៩។ អាជីវកម្មទាំងនេះបានបិទចាប់តាំងពីខែអំឡុងខែមីនាមកម៉្លេះ។
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា សកម្មភាពអាជីវកម្មផ្សេងទៀតអាចនឹងបន្តបិទ ប្រសិនបើករណីឆ្លងមិនអាចថយចុះ។ មន្រ្តីនឹងរឹតបន្តឹងការត្រួតពិនិត្យការជួបជុំដោយកំណត់រាល់ការប្រមូលផ្តុំមនុស្សមិនឱ្យលើសពី ១៥នាក់។
ប៉ុន្តែនៅតែមានក្ដីសង្ឃឹម ព្រោះមន្ត្រីសុខាភិបាលបានប្រកាសកាលពីសប្តាហ៍មុនថា ការចាក់វាក់សាំងគ្រប់ចំនួននៅរាជធានីភ្នំពេញនឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដានេះ បន្ទាប់ពីមានការសិក្សានៃលទ្ធភាពផ្ដល់វ៉ាក់សាំងសម្រាប់កុមារអាចនឹងកើតមាននៅក្នុងរាធានីភ្នំពេញ ចំណែកការបើកអាជីវកម្មឡើងវិញអាចត្រូវបានពិចារណានៅដើមខែក្រោយ៕