លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEWS: នាយករដ្ឋមន្ត្រីថាបើបក្សប្រជាជនមិនបានកាន់អំណាចនោះសង្គ្រាមនៅកម្ពុជានឹងកើតឡើង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រមើលថាប្រសិនជាក្រុមប្រឆាំងបានកាន់អំណាចនោះសង្គ្រាមផ្ទៃក្នុងកម្ពុជា និងសង្គ្រាមរវាងកម្ពុជា ជាមួយប្រទេសជិតខាងនឹងកើតឡើង ដោយសារកត្តា២គឺ គោលនយោបាយរឹបអូសទ្រព្យសម្បត្តិពីអ្នកមានយកទៅឱ្យអ្នកក្រ និងការប្រកាសចង់បានទឹកដីដែលបាត់បង់មកវិញ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខៃសីហានេះ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ថាគោលនយោបាយរបស់ពួកគេបែបនេះគឺជាគោលនយោបាយគ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជន។

សម្ដេចតេជោថា៖ «ឥឡូវអ្នកឯងប្រកាសបន្តទៅ ពេលខាងមុខអ្នកឯងប្រកួតប្រជែងលើកម្មវិធីនយោបាយ។ អ្នកឯងដាក់ចេញនូវនយោបាយវ៉ៃវៀតណាមដើម្បីយកដី អ្នកឯងដាក់ចេញមកបើអ្នកឯងចិត្តសឿងដាក់ចេញមក។ ខ្ញុំមិនចាំបាច់ពន្យល់អីថែមទៀតទេព្រោះខ្ញុំបានពន្យល់៥ម៉ោងនៅក្នុងសភារួចហើយ»

នាយករដ្ឋមន្ត្រីបញ្ជាក់ថា បញ្ហាទឹកដីកម្ពុជា-វៀតណាមបានកើនឡើងតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះដែលបារាំងបានកាត់ទឹកដីកម្ពុជាក្រោម រួមទាំងកោះត្រល់ទៅឱ្យវៀតណាម ដែលមិនមានជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននោះទេ។ សម្ដេចតេជោបន្ថែមថា ប្រសិនជារឿងនេះងាយស្រួលក្នុងការយកមកវិញគឺសម្ដេចសីហនុព្រះអង្គអាចយកមកវិញបានហើយ។

សម្ដេចតេជោថា៖ «ភាពជ្រុលនិយម និងអគតិរបស់ពួកគេនេះហួសពីការគិត»

ប្រទេសវៀតណាមស្ថិតក្នុងលំដាប់ថ្នាក់លេខ ២៨ ក្នុងពិភពលោកដែលជាប្រទេសមានអំណាចទ័ពធំមួយក្នុងពិភពលោក។ ប្រទេសនេះមានប្រវត្តិធ្វើសង្គ្រាមឈ្នះមហាអំណាចបារាំង និងអាមេរិកផងដែរ។

ប្រទេសបារាំងបានប្រគល់ទឹកដីកូសាំងស៊ីន (កម្ពុជាក្រោម) ដែលមាន ២១ខេត្តឱ្យប្រទេសវៀតណាមតាមរយៈច្បាប់មួយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បើទោះជាបានប្រគល់ហើយដូច្នេះក្ដីតែបញ្ហាព្រំដែនកម្ពុជាវៀតណាមនៅតែបន្តជាបញ្ហាដល់បច្ចុប្បន្ន។

បច្ចុប្បន្នប្រទេសកម្ពុជា និងវៀតណាមបានបោះព្រំដែនគោកជាមួយគ្នាបាន ៨៤%ហើយ ដែលនៅសល់ ១៦%ទៀតកំពុងពិភាក្សាដោះស្រាយជាមួយគ្នាបន្ត។ កម្ពុជាមានព្រំដែនគោកជាមួយវៀតណាមមានប្រវែងប្រមាណ ១ ២៧០គីឡូម៉ែត្រដែលចាប់ផ្ដើមបោះជាមួយគ្នាតាំងពីឆ្នាំ២០០៦។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានចូលបំភ្លឺនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ដោយចំណាយពេលជាង ៥ម៉ោងដើម្បីបកស្រាយពន្យល់ដោយបានលើកឡើងថា បញ្ហាព្រំដែនកម្ពុជា-វៀតណាម បានបន្សល់មកតាំងពីសម័យអាណានិគមបារាំង ដែលពុំមានបង្គោលណាមួយត្រូវបានបោះនៅលើជាក់ស្ដែងនោះទេគឺជាព្រំដែនរដ្ឋបាលប៉ុណ្ណោះ។ សម្ដេចបញ្ជាក់ថាកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីគឺជាភារកិច្ច និងកាតព្វកិច្ច សំខាន់ជាងគេ និងមុនគេបង្អស់របស់រាជរដ្ឋាភិបាល ហើយក៏ជាសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ។

សម្ដេចបញ្ជាក់ថា៖ «ការស្នេហាជាតិ និងទឹកដីនេះ គឺពុំមែនជាសិទ្ធិផ្ដាច់មុខរបស់បុគ្គល ឬគណបក្សនយោបាយណាមួយតែម្នាក់ឯងនោះទេ»

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក