ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងមិនកាន់អំណាចជារៀងរហូតនោះទេ តែប្រាកដថានៅពេលសម្ដេចចេញពីអំណាច គឺអំណាចនោះនឹងមិនត្រូវបានធ្លាក់ដល់ដៃពួកប្រឆាំងជាដាច់ខាត។ សម្ដេចបញ្ជាក់ថា អំណាចគឺនៅតែជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែសីហានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅគ្រូទាយម្នាក់ដែលថានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ននឹងអស់អំណាចនៅថ្ងៃណាមួយដែលសម្ដេចថាត្រឹមត្រូវ ព្រោះសម្ដេចនឹងមិនធ្វើនាយករដ្ឋមន្ត្រីដល់ថ្ងៃស្លាប់នោះទេ។ ក៏ប៉ុន្ដែសម្ដេចតេជោប្រាកដថា អំណាចនេះនឹងមិនធ្លាក់លើដៃអ្នកណាផ្សេងក្រៅពីគណបក្សប្រជាជន។
លោកថា៖ «បានប្រកាសហើយតើ។ ត្រៀមរៀបចំហើយតើ! មិចក៏ស្ដាប់មិនបាន ហើយទាយនោះគឺត្រូវ។ សុំផ្ដាំត្រលប់ទៅវិញថា ហ៊ុន សែន និងបាត់អំណាចបាត់មែនព្រោះនេះទោះបីថាមិនមែន ហ៊ុន ម៉ាណែត ទៅចុះ ក៏មិនមែនធ្លាក់លើដៃពួកលោកឯងដែរច្បាស់ជានៅក្នុងដៃបក្សប្រជាជនធ្វើដដែលហ្នឹង»។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់កូនប្រុសសម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។ ពេលនោះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានថ្លែងថាការសម្រេចនេះជាការបង្ហាញថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនពីបរទេស។
នៅព្រឹកនេះផងដែរសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថាប្រសិនជាលោក ហ៊ុន ម៉ាណែត មិនគ្រប់លក្ខណៈសម្បត្តិជាអ្នកដឹកនាំប្រទេសទេនោះ សម្ដេចក៏មិនអាចឱ្យលោក ហ៊ុន ម៉ាណែត កាន់តួនាទីនេះបានដែរ។
សម្ដេចតេជោថា៖ «ប៉ុន្ដែការធ្វើធំនេះមិនមែនចេះតែចាប់ដាក់ទេ! សូមជម្រាបថា បើសិនជាកូនខ្ញុំមិនគ្រប់លក្ខខន្តខ្ញុំមិនអាចឱ្យប្រទេសនេះឬគណបក្សនេះជាពិសេសប្រទេសនេះបំផ្លាញដោយដៃកូនរបស់ខ្ញុំទេ»។
សម្ដេចថាលក្ខណៈសម្បត្តិនោះគឺជាការធានាថាប្រទេសកម្ពុជាមានស្ថេរភាពជាបន្ត។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន៕
PHOTO: KOK KY