ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះតាមនៅយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីបង្រៀនដល់អ្នកវិភាគមួយចំនួនដែលចំណេះដឹងពួកគេនៅមានកម្រិតតែខំប្រឹងនិយាយដើម្បីឲ្យពលរដ្ឋស្ដាប់។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើហ្វេសប៊ុកផេករបស់សម្ដេចយ៉ាងដូច្នេះថា ការទទួលស្វាគមន៍មន្ត្រីជាន់ខ្ពស់ពីប្រទេសណាម្នាក់គឺអាចធ្វើឡើងដោយប្រធានរដ្ឋឬក៏នាយករដ្ឋមន្ត្រីនៃប្រទេសនោះបាន។
សម្ដេចបានបង្រៀនបែបនេះដោយសំដៅទៅលើអ្នកវិភាគមួយចំនួនដែលបានវិភាគទាក់ទងជាមួយនឹងការធ្វើដំណើររបស់អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមកាលពីកន្លងទៅដែលត្រូវបានទទួលស្វាគមន៍ដោយប្រធានរដ្ឋវៀតណាមនិងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃរដ្ឋកុម្មុយនីស្តមួយនេះ។
សម្ដេចតេជោបញ្ជាក់ថា ករណីលោក ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសឹង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នា។ ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិ ឬឧបនាយករដ្ឋមន្ត្រីទទួល។
សម្ដេចតេជោថា៖ «ក្នុងឋានះជាសមភាគីនៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានា និងក៍ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងយើងទៅប្រទេសគេទាំងគេមកប្រទេសយើង»។
បើតាមការលើកឡើងរបស់សម្ដេចករណីទាំងនេះគឺវាមិនមានអ្វីជាបញ្ហានោះទេ។ អ្វីដែលជាបញ្ហានោះគឺទាក់ទងជាមួយនឹងគំនិតរបស់អ្នកវិភាគទាំងនោះតែម្ដង។
សម្ដេចតេជោ បានបង្ហាញការសោកស្តាយដែលអ្នកវិភាគទាំងនោះមិនបានយកទស្សនកិច្ចហ៊ុន ម៉ាណែត នៅជប៉ុនកាលពីដើមនាឆ្នាំ២០២២នេះមកវិភាគព្រោះកំរិតទទួលនិងជំនួបមានចំនួនច្រើនហើយកំរិតខ្ពស់ទៀតផង។ សម្ដេចតេជោបន្ថែមថា លោក ហ៊ុន ម៉ាណែតត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប (ហាតូយ៉ាម៉ា២០១១ សុីនហ្រូ អាបេ២០១៨ គីសុីដា២០២២)។
ជាចុងក្រោយសម្ដេចតេជោ សង្ឃឹមថាអ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ៕