អភិបាលខេត្តស្ទឹងត្រែងណែនាំដល់មន្ទីរអង្គភាពចំណុះខេត្តឱ្យរៀបចំកែប្រែសំណង់សាធារណៈសម្រួលដល់ជនមានពិការភាព
ស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងតែ្រង លោក ស្វាយ សំអ៊ាង បានណែនាំដល់មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាការពិនិត្យកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពអាចចេញ-ចូល ចុះ-ឡើងបានងាយស្រួលដោយសុវត្ថិភាព និងគ្មានឧបសគ្គ។
ក្នុងលិខិតចុះថ្ងៃទី១៨ ខែសីហា លោក ស្វាយ សំអ៊ាង បានប្រាប់ដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ទាំងអស់ថា ការជំរុញនេះគឺដើម្បីធានានូវសិទ្ធិរបស់ជនមានពិការភាពដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ហើយក៏ជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព។
ក្នុងលិខិតនោះបានសរសេរថា៖ «ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាការពីនិត្យកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានារួមមាន អាគាររដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព បណ្ដាញផ្លុវ ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ បន្ទប់ទឹក ចំណតយានយន្ត។ល។ ដាក់បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាបម្រើ និងបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាព គ្រប់ប្រភេទអាចចល័តទីចេញ-ចូល ចុះ-ឡើង និងប្រើប្រាស់បានងាយស្រួលប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ»។
កាលពីខែឧសភាកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមទៀតដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួលប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ ដោយបានលើកឡើងថា៖ «វិស័យពិការភាពគឺផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។
បច្ចុប្បន្នជនមានពិការភាពនៅកម្ពុជាមានចំនួនជាង ៦៩ម៉ឺននាក់ ស្មើនឹង ៤,៩% នៃប្រជាជនសរុបជាង ១៦លាននាក់។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ» និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ដំណាក់កាលទី១ និងទី២ ដោយបានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការសម្រាប់ថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីធ្វើជាយន្តការសម្របសម្រួល និងពិគ្រោះយោបល់លើបញ្ហាពិការភាពនិងមានតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់លើការបង្កើនការយល់ដឹង និងបញ្ជាបបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យ៕