
ក្រសួងយុត្តិធម៌ស្នើសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល និងសាលាឧទ្ធរណ៍ភ្នំពេញ ពិនិត្យរៀបចំនិងសម្របសម្រួលឱ្យមានការទទួលពាក្យបណ្ដឹង ឧបាស្រ័យនានាពីភាគី ឬមេធាវីតំណាងដោយអាណត្តិតាមប្រព័ន្ធអេឡិចត្រូនិចជាមុន
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌បានចេញសេចក្តីណែនាំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ស្តីពីការទទួលពាក្យបណ្ដឹងឧបាស្រ័យនៅតាមសាលាជម្រះក្តីក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើទៅថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ជាពិសេសសាលាដំបូងរាជធានីភ្នំពេញ សាលាដំបូងខេត្តកណ្តាល និងសាលាឧទ្ធរណ៍ភ្នំពេញ ពិនិត្យរៀបចំនិងសម្របសម្រួលឱ្យមានការទទួលពាក្យបណ្ដឹង ឧបាស្រ័យនានាពីភាគី ឬមេធាវីតំណាងដោយអាណត្តិតាមប្រព័ន្ធអេឡិចត្រូនិចជាមុន នៅក្នុងរយៈពេលដែលកំពុងអនុវត្តវិធានការបិទខ្ទប់ និងការហាមឃាត់ការធ្វើដំណើរ និងទទួលយកច្បាប់ដើមនៃឯកសារ ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរដោយផ្ទាល់ពីភាគីម្ចាស់បណ្ដឹងឧបាស្រ័យ ឬមេធាវីតំណាងដោយអាណត្តិ ក្រោយពេលដែលវិធានការបិទខ្ទប់ត្រូវបានបញ្ចប់ ហើយការធ្វើដំណើរត្រូវបានអនុញ្ញាតជាប្រក្រតីឡើងវិញ។
ការស្នើរបស់ក្រសួងយុត្តិធម៌នៅពេលនេះគឺដើម្បីធានាការពារនូវសិទ្ធិស្របច្បាប់របស់គូភាគីក្នុងការធ្វើបណ្តឹងឧបាស្រ័យឱ្យបានទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិស្តីពីនីតិវិធីជាធរមាន នៅក្នុងស្ថានភាពដែលប្រជាពលរដ្ឋជាភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ និងមិនអាចធ្វើដំណើរបាន មិនអាចអនុវត្តនីតិវិធីប្តឹងឧបាស្រ័យដោយផ្ទាល់នៅសាលាជម្រះក្តីបាន ស្របតាមច្បាប់និងនីតិវិធីជាធរមាន។
នាពេលកន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១" ដែលវិធានការនេះ រួមមានការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ព្រមទាំងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ព្រំប្រទល់រាជធានី-ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនាំឱ្យការធ្វើដំណើរផ្លាស់ទីពីតំបន់មួយទៅតំបន់មួយទៀតត្រូវបានហាមឃាត់ ឬរឹតត្បិតជាបណ្តោះអាសន្ន។
ក្រសួងយុត្តិធម៌បានស្នើដល់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ពិនិត្យនិងរៀបចំសម្រួលនីតិវិធីសម្រាប់ទទួលពាក្យបណ្តឹងជាបណ្ដោះអាសន្ន តាម ប្រព័ន្ធអនឡាញ (ដូចជា ប្រព័ន្ធ Telegram ជាដើម) និងដាក់បង្ហាញលេខទូរស័ព្ទសម្រាប់ទាក់ទង និងទទួលពាក្យបណ្តឹងឧបាស្រ័យនានារបស់ភាគីនៃបណ្តឹង ឬមេធាវីតំណាងដោយអាណត្តិ ព្រមទាំងត្រូវធ្វើការជូនដំណឹង និងផ្សព្វផ្សាយនូវការអនុវត្តគោលការណ៍នេះជាសាធារណៈឱ្យបានឆាប់រហ័ស និងឱ្យបានទូលំទូលាយ៕