ភ្នំពេញ៖ ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិលោក អាប់ឌូឡា សាហ៊ីដ បានថ្លែងពីបំណងរបស់លោកក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសម៉ាឌីវឱ្យកាន់តែខ្លាំងក្លា។ ការលើកឡើងដោយថាកម្ពុជាអាចក្លាយជាប្រភពនៃការផ្គត់ផ្គង់ចំណីអាហារដល់ប្រទេសនៅភាគខាងត្បូងនៃអាស៊ីនេះបាន។
ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្ដិភាពព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោក អាប់ឌូឡា សាហ៊ីដ ដែលជារដ្ឋមន្ត្រីការបរទេសម៉ាឌីវផងនោះបានថ្លែងបញ្ជាក់ប្រាប់សម្ដេចតេជោថាលោកនឹងធ្វើការជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងការជំរុញអ្នកវិនិយោគម៉ាឌីវឱ្យមកពិនិត្យមើលពីសក្ដានុពលពាណិជ្ជកម្មជាមួយកម្ពុជាដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែធំធាត់ឡើង។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងគាំទ្រចំពោះគំនិតរបស់លោក អាប់ឌូឡា សាហ៊ីដ និងបានជម្រាបពីផលប្រយោជន៍នៃការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យកសិកម្ម។
ជំនួយការនាយករដ្ឋមន្ត្រី គឺលោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍របស់សម្ដេចតេជោថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «ការអនុគ្រោះការវិនិយោគនៅកម្ពុជាជាពិសេសនៅលើវិស័យកសិកម្ម សម្ដេចបានមានប្រសាសន៍ថានៅកម្ពុជាបានអនុញ្ញាតឱ្យជនបរទេសបណ្ដាក់ទុនវិនិយោគបាន ១០០ភាគរយ ជាពិសេសក្នុងការដាក់ទុនលើវិស័យកសិកម្ម ការដាក់ម៉ាស៊ីនកិនស្រូវ ការវិនិយោគលើឃ្លាំងស្ដុកស្រូវ និងការប្រមូលទិញស្រួវពីកសិករដើម្បីកិនហើយសម្រាប់នាំចេញទីប្រទេសដទៃ»។
សាធារណរដ្ឋម៉ាល់ឌីវគឺជារដ្ឋឯករាជ្យនៅកណ្ដាលមហាសមុទ្រឥណ្ឌាដែលមានផ្ទៃក្រឡាប្រមាណ ២៩៧,៨គីឡូម៉ែត្រការ៉េ ជាមួយចំនួនប្រជាជនជាង ៥៤ម៉ឺននាក់។ យោងតាម United Nation COMTRADE ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកោះម៉ាល់ឌីវ ក្នុងឆ្នាំ២០២០ មានតម្លៃប្រមាណជាង ៥ពាន់ដុល្លារ ដែលបានធ្លាក់ចុះពីជាង ៤ម៉ឺនដុល្លារពីឆ្នាំ២០១៦៕
PHOTO: KOK KY