កាតា៖ នាយករដ្ឋមន្រ្តីកាតា Khalid bin Khalifa bin Abdulaziz Al Thani និយាយថា ប្រទេសកាតា និងអនុញ្ញាតឱ្យតែអ្នកគាំទ្រតែទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ ពេញលេញរួចរាល់ប៉ុណ្ណោះ ដែលអាចចូលរួមទស្សនាការប្រកួតបាល់ទាត់ជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០២២នេះបាន។
កាតា នឹងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូចុងឆ្នាំ២០២២ខាងមុខនេះ ខណៈប្រធាន FIFA លោក Gianni Infantino បាននិយាយកាលពីខែកុម្ភៈកន្លងទៅថា ការប្រកួតក្នុងឆ្នាំ២០២២ខាងមុខនេះ នឹងត្រូវលេងដោយមានទស្សនិកជនទស្សនាពេញកីឡដ្ឋានតែម្តង។ នាយករដ្ឋមន្រ្តីកាតាក៏បានលើកឡើងថា ក្នុងពេលដែលប្រទេសនីមួយៗរំពឹងថានឹងអាចផ្តល់វ៉ាក់សាំងដល់ពលរដ្ឋគ្រប់ៗគ្នានៅក្នុងឆ្នាំ២០២២ កាតាក៏បានត្រៀមខ្លួនរួចរាល់ហើយដែរក្នុងការធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ ប្រព្រឹត្តឡើងដោយជោគជ័យធំធេងបំផុត។ វ៉ាក់សាំងមួយលានដូស ដោយមិនបានបញ្ជាក់ពីក្រុមហ៊ុនផ្គត់ផ្គង់នោះឡើយ ត្រូវបានកាតាត្រៀមកុម្ម៉ង់ទិញ ដើម្បីបង្កើនភាពស៊ាំ និងសុវត្ថិភាពចំពោះអ្នកដែលត្រៀមមកកាន់កាតានៅឆ្នាំក្រោយ។ មន្រ្តីផ្លូវការបាននិយាយថា កាតាសង្ឃឹមថានឹងអាចរៀបចំព្រឹត្តិការណ៍នេះដោយមិនខ្វល់ពីកូវីដ-១៩ ហើយត្រៀមផ្តល់វ៉ាក់សាំងទៅកាន់អ្នកចូលរួមទាំងឡាយណាដែលមិនទាន់ទទួលវ៉ាក់សាំងរួចរាល់។
កន្លងមក កាតា បានប្រើប្រាស់វ៉ាក់សាំងពីរប្រភេទរួមមាន Pfizer និង Moderna ប្រមាណជា ២,៨លានដូស ដែលគ្រប់គ្រាន់សម្រាប់ប្រជាជនប្រហែល ៥០,៨ភាគរយនៃប្រជាជនសរុបរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Reuter។ មុននឹងឈានដល់ការរៀបចំព្រឹត្តិការណ៍ World Cup នៅចុងឆ្នាំក្រោយ រាជធានី ដូហា ក៏បានត្រៀមរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ Arab Cup 2021 ដែលកាតាចាត់ទុកថានេះគឺជាការត្រៀមខ្លួនដ៏ធំមួយ មុននឹងឈានដល់ការទទួលធ្វើជាម្ចាស់ផ្ទះ FIFA World Cup ២០២២ ជាផ្លូវការ៕