
នាយករដ្ឋមន្ត្រី និងភរិយា ចូលរួមរំលែកទុក្ខចំពោះមរណភាពឪពុកបង្កើតរបស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងភរិយាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខរដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានបាត់បង់ឪពុកជាទីស្រលាញ់ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការបាត់បង់នូវឧបាសក ខេរ៉ូ ស៊ុនស្រេង គឺជាការបាត់បង់អ្នកដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។
សម្ដេចថា៖ «កន្លងមក ក្នុងឆាកជីវិតរបស់មហាវិរិយាភិរ័ក្ខសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ខេរ៉ូ ស៊ុនស្រេង បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធាន មនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ»។
គួរឲ្យដឹងផងដែរថា មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់លោក ស៊ុន ចាន់ថុល បានទទួលមរណភាពនៅវេលាម៉ោង ៦ល្ងាច ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ៕