ភ្នំពេញ ÷ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី បានសម្រេចបង្កើតឧទ្យានសួនសត្វព្រៃការពារ និងសួនកូតគាម-ភ្នំតាម៉ៅ ក្នុងគោលដៅដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។
ក្នុងព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានរាជបញ្ជាឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ចគ្រប់គ្រងតំបន់ឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងត្រូវរៀបចំផែនការគ្រប់គ្រងឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ និងអភិវឌ្ឍន៍ឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
ក្នុងព្រះរាជក្រឹត្យនេះព្រះអង្គក៏បានតម្រូវឲ្យអភិវឌ្ឍន៍សួនភូតគាមសាស្ត្រដែលមានពូជឈើប្រណិត និងមានតម្លៃសេដ្ឋកិច្ចខ្ពស់ អភិវឌ្ឍន៍ជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត ផ្ដល់ការថែរក្សាសង្គ្រោះសត្វព្រៃ ព្យាបាល និងស្តារលទ្ធភាពសត្វព្រៃ។
ការធ្វើវិបុលកម្មសត្វព្រៃ ប្រភេទសត្វ និងរុក្ខជាតិកម្រ ជិតផុតពូជ ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ អប់រំផ្សព្វផ្សាយអន្តរអំពើ រវាងមនុស្ស-សត្វព្រៃ និងព្រៃឈើ
បង្កើតគម្របបៃតង និងបង្កើនសោភ័ណ្ឌភាពក្នុងតំបន់ លើកកម្ពស់ការថែរក្សាធនធានសេនេទិចរុក្ខជាតិ-សត្វព្រៃនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ឧទ្យានសួនសត្វព្រៃការពារនិងសួនភូតគាម «ភ្នំតាម៉ៅនេះ មានផ្ទៃដីទំហំសរុប ២ ០២៥ហិតា ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ ដែលចែកជា៣តំបន់ គឺតំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ ជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្ស និងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាព ដែលមានផ្ទៃដីទំហំ ១ ០២១ (មួយពាន់ម្ភៃមួយ) ហិកតា តំបន់សួនភូតតាមឈើប្រណិតភ្នំតាម៉ៅ ជាតំបន់សម្រាប់ធានាថែរក្សាកូនឈើ និងអភិវឌ្ឍជាសួន ភូតគាម មានពូជឈើប្រណិត និងសោភ័ណភាព ដែលមានផ្ទៃដីទំហំ ៥៣០ (ប្រាំរយសាមសិប) ហិកតា និងតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វ ផ្សាយ និងបម្រើសេវាទេសចរណ៍ ដែលមានផ្ទៃដីទំហំ ៤៧៤ (បួនរយចិតសិបបួន) ហិកតា៕




