ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងសមត្ថកិច្ចបានចាប់ផ្ដើមប្រតិបត្តិការចុះពិនិត្យកន្លែងស្នាក់នៅរបស់ជនបរទេសនៅកម្ពុជាហើយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ និងបានរកឃើញការបង្ខាំងមនុស្សខុសច្បាប់មួយចំនួនផងដែរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួងទាំង៦ ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា៖ «នៅខេត្តកណ្ដាលនេះយើងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធដែលជាមេកា និងជនរងគ្រោះមួយចំនួន ហើយនៅកំពង់សោមដូចគ្នាដែរគឺឃាត់បានមេការ និងជនដែលថាជនរងគ្រោះតែយើងកំពុងពិនិត្យជាក់ស្ដែង មានដូចជាជនជាតិអាមេរិកាំង ខ្មែរអាមេរិកាំង និងជនជាតិឥណ្ឌូនេស៊ី ដែលយើងធ្វើការបន្តទៀត»។
តាមរបាយការណ៍របស់អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង ឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន ៧៤ករណី ថយចុះ ១២៤ករណី ធៀបនឹងឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៨៣នាក់ អនីតិជន ៧នាក់ ក្នុងនោះជនសង្ស័យជាជនបរទេសមាន ១២នាក់ ស្មើនឹង ៤សញ្ជាតិ។ សមត្ថកិច្ចក៏បានសង្គ្រោះជនរងគ្រោះ ១៥៦នាក់ ក្នុងនោះស្រី ១០៥នាក់ អាយុក្រោម ១៥ឆ្នាំ ៦០នាក់។
ក្នុង៦ខែដើមឆ្នាំ២០២២នេះដែរ សាលាដំបូងរាជធានី-ខេត្ត បានធ្វើចំណាត់ការលើបទល្មើសក្រោមច្បាប់ ស្ដីពីការង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយជាលទ្ធផលមាន ៣ដំណាក់កាល គឺដំណាក់កាលអយ្យការអមសាលាដំបូងសរុប ១៩៥សំណុំរឿង មានជនត្រូវចោទ ១១១នាក់, ដំណាក់កាលចៅក្រមស៊ើបសួរមាន ១៧៨សំណុំរឿង មានជនត្រូវចោទ ២៥០នាក់ និងដំណាក់កាលចៅក្រមជំនុំជម្រះមាន ២៨០សំណុំរឿង មានជនត្រូវចោទ ៣៤៨នាក់៕