មីយ៉ាន់ម៉ា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ូស្គូ ប្រទេសរុស្សីជាផ្លូវការហើយនៅថ្ងៃអាទិត្យ ទី២០ ខែមិថុនាម្សិលមិញនេះ ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខមួយ ដែលគេកត់សម្គាល់បានថានេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកទី២ ចាប់តាំងពីការឡើងកាន់អំណាចដោយរដ្ឋាភិបាលក្រោមការដឹកនាំរបស់របបយោធា។ មីយ៉ាន់ម៉ា បានជាប់គាំងក្នុងវិបត្តិនយោបាយមួយ តាំងពីមេដឹកនាំរដ្ឋាភិបាល លោកស្រី អ៊ុង សានស៊ូជី ត្រូវបានទម្លាក់ពីតំណែងកាលពីខែកុម្ភៈកន្លងទៅ។
មេដឹកនាំយោធា លោក មីន អ៊ុងឡាំង បានចាកចេញពីរដ្ឋធានីណៃពិដោរតាមជើងហោះហើរពិសេស ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខអន្តរជាតិមួយដែលរៀបចំឡើងនៅក្នុងប្រទេសរុស្សី។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋ MRTV។ សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា មេដឹកនាំមីយ៉ាន់ម៉ារូបនេះបានចូលរួមកិច្ចប្រជុំតាមរយៈ “ការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី” ដោយបន្ថែមថាគាត់ត្រូវបាន “ទទួលស្វាគមន៍” យ៉ាងកក់ក្តៅដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសមីយ៉ាន់ម៉ានៅឯអាកាសយានដ្ឋានទីក្រុងម៉ូស្គូផងដែរ។ គេមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលដែល លោក មីន អ៊ុងឡាំង ត្រូវបានគេរំពឹងថានឹងស្នាក់នៅប្រទេសរុស្ស៊ីឡើយ ដោយរុស្សីនេះហើយដែលជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏ធំដល់យោធាមីយ៉ាន់ម៉ា។
ចាប់តាំងពីមានការផ្ទុះឡើងនូវការតវ៉ាពីសំណាក់បាតុករក្នុងប្រទេស សេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧០នាក់បានបាត់បង់ជីវិត ខណៈសហគមន៍អន្តរជាតិកំពុងអំពាវនាវឱ្យមានការចរចាគ្នាឡើងវិញពីសំណាក់ភាគីក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ ខណៈដែលក្រុមយោធានៅតែអះអាងថា នឹងរៀបចំឱ្យមានការបោះឆ្នោតឡើងវិញ រួចនឹងប្រគល់អំណាចទៅអ្នកដែលឈ្នះការបោះឆ្នោត បន្ទាប់ពីបានចោទប្រកាន់ទៅកាន់លោកស្រី អ៊ុង សានស៊ូជី និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDL) ថាបានលួចបន្លំសន្លឹកឆ្នោតពីការបោះឆ្នោតថ្នាក់ជាតិកន្លងមក។