ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាបានរៀបចំសិក្ខាសាលាមួយកាលពីព្រឹកថៃ្ងទី១៨ ខែសីហា ដើម្បីលើកកម្ពស់ការយល់ដឹង និងស្វែងយល់ពីទស្សនៈរបស់់យុវជនទៅលើការបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ក្នុងចំណោមយុវវ័យ។
អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថាសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីចែករំលែកទស្សនៈ និងចំណេះដឹងអំពីការការបង្ការ និងការចម្លងមេរោគអេដស៍នៅក្នុងសង្គម។
លោកស្រីបន្ថែមថា៖ «យើងក៏ មានផែនការយុទ្ធសាស្ត្រលុបបំបាត់បញ្ហាអេដស៍ដែលជាការគំរាមដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥។ ដូច្នេះដើម្បីសម្រេចនូវផែនការយុទ្ធសាស្ត្រនេះ គឺតម្រូវឱ្យមានការចូលរួមទាំងអស់គ្នាពិសេសយុវជន នៅក្នុងការបញ្ជ្រាបការយលដឹងបន្ថែមអំពីបញ្ហាអេដស៍ឱ្យបានទៅមូលដ្ឋានសហគមន៍»។
ក្រៅពីកម្ពស់ការយល់ដឹងរបស់យុវជនលើបញ្ហាអេដស៍ សិក្ខាសាលានេះធ្វើឡើងក៏ដើម្បីចូលរួមទិវាមនុស្សធម៌អន្តរជាតិ ១៩សីហា និងចងក្រងជាកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិលើកទី៣២ សម្រាប់ចាក់ផ្សាយតាមរយៈទូរទស្សន៍ ជាតិកម្ពុជា និងបណ្ដាញផ្សព្វផ្សាយជាច្រើនទៀត។
លោកស្រីបញ្ជាក់ថា៖ «នេះជាការឆ្លុះបញ្ចាំងឱ្យឃើញថាសមាគមន៍ជាតិកាកបាទក្រហមកម្ពុជា ដែលជាស្ថានប័នមនុស្សធម៌ធំជាងគេនៅកម្ពុជា និងជាសមាជិកទី៨៥ របស់ចលនាអន្តរជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម គឺយើងបានធ្វើសកម្មភាពមនុស្សធម៌ជារៀងរាល់ថ្ងៃ និងធ្វើអ្វីៗដើម្បីបុព្វហេតុមនុស្សធម៌»។
អគ្គលេខាធិការរងទី២ លោក យូ ឡាណា បានឱ្យដឹងថាសិក្ខាសាលានេះក្រៅពីមានការធ្វើបទបង្ហាញពីសំណាក់អ្នកជំនាញ ក៏មានការបែងចែកជាក្រុមពិភាក្សា ចំនួន៨ក្រុមដោយជ្រើសរើសប្រធានបទ និងពិភាក្សាក្នុងក្រុមដើម្បីបានជាទស្សនៈ យោបល់ និងបន្តធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលាបន្ថែមផងដែរ។
នាយិការងនាយកដ្ឋានសុខភាពនៃកាកបាទក្រហមកម្ពុជា លោកស្រី មុំ ចន្ធី បានវាយតម្លៃខ្ពស់ចំពោះការពិភាក្សា និងទស្សនៈរបស់ក្រុមនីមួយៗអំពីមេរោគអេដស៍ និងជំងឺអេដស៍ ខណៈដែលអ្នកចូលរួមទាំងអស់បានប្ដេជ្ញាចិត្ត ក្នុងការប្រយុទ្ធទប់ស្កាត់មេរោគអេដស៍ជំងឺអេដស៍ តាមរយៈការអនុវត្តន៍បន្តការផ្សព្វផ្សាយនេះ ក៏ដូចជា ការបញ្ជ្រាបការយល់ដឹងនេះ ទៅក្នុងសហគមន៍ដោយសារពួកគេនឹងក្លាយជាគ្រូបង្រៀន និងរស់នៅដោយផ្ទាល់ជាមួយសហគមន៍ នាពេលខាងមុខផងដែរ ។
ជាចុងក្រោយអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បានសំដែងក្តីសង្ឃឹមចំពោះសិក្ខាកាមទាំងអស់ នឹងចូលរួមជាមួយទាំងអស់គ្នាដើម្បីបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងបានរម្លឹកថា អេដស៍មិនពិបាកបង្ការទេ អេដស៍ពុំមានវ៉ាក់សាំងទេ ហើយក៏ពុំមានថ្នាំព្យាបាលដែរ។
សិក្ខាសាលានៅថ្ងៃនេះមានអ្នកចូលរួមចំនួន ៧០រូប ដោយបានប្រគល់វត្ថុអនុស្សាវរីយ៍ និងលិខិតសរសើរ ដែលបង្ហាញពីភាពសកម្មចូលរួមក្នុងផែនការយុទ្ធសាស្ត្រនែការលប់បំបាត់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ដ៏ដូចជាឯកសារមូលដ្ឋាននៃចំណេះដឹងស្តីពីជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ និងជំងឺកូវីដ-១៩ផងដែរ៕