ស្ទឹងត្រែង៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថាលោកមិនដែលរត់ការរកស៊ីឱ្យអ្នកជំនួញណាម្នាក់នោះទេ ហើយកាន់តែមិនចេះថែមទៀតក្នុងការយកអំណាចដើម្បីជារបររកស៊ី។ លោកថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
បេក្ខភាពនាយករដ្ឋមន្ត្រីថ្ងៃអនាគតរបស់គណបក្សប្រជាជនរួបនេះបានលើកឡើងថា៖ «អ្នកដែលធ្លាប់រត់ការរកស៊ី គេមិនដែលមកជួប ហ៊ុន ម៉ាណែត ទេ។ ព្រោះគេជួបហើយគេសាកហើយគេមិនដែលបាន។ គេថាម្នាក់ហ្នឹងមិនចេះរកស៊ីទេ កុំទៅនិយាយជាមួយគាត់។ ខ្ញុំរៀនសេដ្ឋកិច្ចដែរតើ តែបើឱ្យរកស៊ីចប់បណ្ដោយ»។
ជាបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេស លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកអាចរៀបចំ និងតាក់តែងគោលនយោបាយសេដ្ឋកិច្ចជាតិដើម្បីជំរុញការរីកចម្រើនរបស់ជាតិបាន តែលោកសារភាពសារលោកមិនចេះយកអំណាចជារបររកស៊ី ឬរត់ការរកស៊ីឱ្យអ្នកណានោះទេ។
លោកបន្ថែមថា៖ «សួរប្រជាពលរដ្ឋដែលស្គាល់ ហ៊ុន ម៉ាណែត ទៅ។ ហ៊ុន ម៉ាណែត ចេះរកស៊ីរត់ការ ឬអត់? ដើម្បីរឿងជំនួញរឿងអី តែបើរត់ការសុំដីឱ្យកងទ័ពរត់ការសុំដីឱ្យអតីតយុទ្ធជន រត់ការសុំគេឱ្យជួយសង់ផ្ទះឱ្យអតីតយុទ្ធជន ហ៊ុន ម៉ាណែត ធ្វើហើយធ្វើបានច្រើនទៀត។ បញ្ជាក់ឱ្យច្បាស់អញ្ចឹងហ្មងទៅ»។
លោក ហ៊ុន ម៉ាណែត អាយុ ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕