
រដ្ឋមន្ត្រីក្រសួងអប់រំនឹងធ្វើសន្នីសិទពាក់ព័ន្ធនឹងការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ រួមទាំងមុខវិជ្ជាសិក្សាវៀតណាម
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន នឹងធ្វើសន្នីសិទសារព័ត៌មានស្ដីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះមានការបង្កើតមុខវិជ្ជាសិក្សាវៀតណាមផងដែរ។
ការធ្វើសន្នីសិទនេះធ្វើឡើងនៅរសៀលម៉ោង៤និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នៅទីស្ដីការក្រសួងអប់រំ រាជធានីភ្នំពេញ។
គួរឱ្យដឹងផងដែរថា គម្រោងនៃការបង្កើតមុខវិជ្ជាសិក្សាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគម្រោងដែលស្ថិតក្នុងការបង្កើតវិទ្យាសា្ថនសិក្សាអន្តរជាតិ និងគោលនយោបាយ។ វាមិនខុសអ្វីពីការបង្កើតមុខវិជ្ជាសិក្សាភាសាថៃ ភាសាជប៉ុន ភាសាកូរ៉េ ភាសាបារាំង ភាសាចិន ដែលមានស្រាប់នៅសាកលវិទ្យាល័យនោះទេ។
គម្រោងបង្កើតមុខវិជ្ជាសិក្សាវៀតណាមមានការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រចំនួន៣គឺ បរិញ្ញាបត្រសិល្បះសិក្សាវៀតណាម បរិញ្ញាបត្រសិល្បះភាសាវៀតណាមសម្រាប់ការបកប្រែ និងបរិញ្ញាបត្រសិល្បះភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។
មានមនុស្សមួយចំនួនបានសំដែងការមិនពេញចិត្តចំពោះគម្រោងនៃការបង្កើតនេះ ខណៈមួយចំនួនបានគាំទ្រ៕