ស្ទឹងត្រែង៖ អគ្គមេបបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានច្រានចោលនូវការចោទប្រកាន់ថា លោកជាអ្នកនៅពីការក្រោយគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅភ្នំតាម៉ៅ និងថាលោកបានដឹងគម្រោងរបស់ក្រុមអ្នកលាបព័ណ៌របស់លោកទាំងអស់។ លោកបញ្ជាក់ថា «ការរិះគន់ដើម្បីស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីចោទប្រកាន់មួលបង្កាច់»។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា លោកបានដឹងពីគម្រោងក្នុងការប្រឌិតរឿងរបស់បរទេសម្នាក់ដែលតាំងខ្លួនជាសកម្មជនបរិស្ថានឈ្មោះ អាឡិច ដែលមានបណ្ដាញរបស់គេទៅផ្សព្វផ្សាយរឿងប្រឌិតមួយនៅតាមផ្សារ និងទីប្រជុំជនក្នុងខេត្តតាកែវថាលោក ហ៊ុន ម៉ាណែត ជាអ្នករត់ការ និងនៅពីក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំពោះគម្រោងអភិវឌ្ឍន៍ដីព្រៃភ្នំតាម៉ៅ។
លោកថា៖ «ខ្ញុំដឹងចេតនារបស់អ្នកឯងនោះ មិនមែនរឿងអ្នកឯងមិនដឹងទេ តែធ្វើមិនដឹងចង់ចំណេញនយោបាយ។ ប៉ុន្មានអាទិត្យមុននាំគ្នាលួចខ្សឹបប្រាប់អ្នកផ្សារថាអាហ្នឹងរបស់ ហ៊ុន ម៉ាណែត ស្អីៗ។ ដល់មើលទៅអ្នកផ្សារនិយាយតគ្នាបានអាឡិចចេញមកនិយាយខ្ញុំដឹងតើ។ អាត្រឹមខ្សឹបចចាមអារ៉ាមខ្ញុំមិននិយាយទេ តែឥឡូវនេះខ្ញុំសូមបញ្ជាក់តែម្ដង»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថាលោកមិនមែនជាអ្នកនៅពីក្រោយ ឬរត់ការឱ្យមានគម្រោងអភិវឌ្ឍន៍នៅលើដីព្រៃភ្នំតាម៉ៅនោះទេ ហើយក៏មិនពាក់ព័ន្ធនឹងការរកស៊ីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែរ។
លោកបន្ថែមថា៖ «អញ្ចឹងដែលចោទថា ឡេង ណាវ៉ាត្រា ជាមនុស្សរបស់ខ្ញុំ ដោយសារចូលក្រុមយុវជនរបស់ខ្ញុំ សូមឈប់ទៅ! បើគ្រាន់តែជាយុវជនហ្នឹងទាំងអស់មានឧកញ៉ាក្នុងក្រុមយុវជនម៉ាគរគោក»។
មេបញ្ជាការកងទ័ពជើងគោករូបនេះលើកឡើងថា លោកទទួលស្វាគមន៍ជានិច្ចនូវមតិផ្ទុយតែមានហេតុផលដើម្បីជជែកពិភាក្សាគ្នា ខណៈថាលោកនឹងមិនចំណាយពេលឥតប្រយោជន៍ជាមួយមនុស្សគ្មានហេតុផលនោះទេ។
លោកថា៖ «មានហេតុផលអ្វីដែលយើងត្រូវនិយាយជជែកគ្នាជាមួយអ្នកគ្មានហេតុផល? វាខាតពេលឥតប្រយោជន៍។ យើងទទួលស្គាល់ស្វាគមន៍នូវស្មារតីរិះគន់ស្ថាបនាក្នុងចេតនាសុច្ចរិត តែមិនចាំបាច់អីទៅនិយាយជាមួយអ្នកដែលបង្កើតប្រឌិតរឿងក្នុងស្មារតីទុច្ចរិតនោះទេ»។
កាលពីម្សិលមិញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចេញសារសំឡេងមួយបដិសេធនូវការចោទប្រកាន់ដែលថាលោកមានគម្រោងអភិវឌ្ឍដីព្រៃភ្នំតាម៉ៅ គឺជាការប្រមូលឈើលក់ ការលាងលុយកខ្វក់ រួមទាំងមានអ្នកមានអំណាចនៅពីក្រោយខ្នងឲ្យធ្វើសកម្មភាពផ្សេងៗក្នុងសង្គម។ លោកព្រមានចាត់វិធានការឆ្លើយតបចំពោះអ្នកដែលលាបពណ៌លោកលើរឿងទាំងនេះ។
លោកថា៖ «វាអយុត្តិធម៌ណាស់ចំពោះរូបខ្ញុំដែលជាយុវជនម្នាក់និងបុគ្គលិកក្រុមហ៊ុនទាំងមូលដែលតែងតែប្រឹងជួយសង្គមលះបង់គ្រប់យ៉ាងហើយទទួលបានមកវិញនូវការចោលប្រកាន់ និងប្រមាថដល់អាក្រក់នេះជាការឈឺចាប់បំផុត»។
ភ្នំតាម៉ៅដែលមានចំងាយប្រមាណ ៤០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសួនសត្វ ៤០០ហិកតា និងផ្ទៃដីទំហំ ២ ៣០០ហិកតា ជាព្រៃដែលព័ទ្ធជុំវិញសួនសត្វ។ ហើយក្នុងចំណោមផ្ទៃដីទំហំ ២ ៣០០ហិកតានេះ មាន ១ ៥០០ហិតា ត្រូវបានរដ្ឋាភិបាលប្រគល់ជូនក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃអាទិត្យបានសម្រេចបញ្ជាឲ្យលុបចោលទាំងអស់នូវការអនុញ្ញាតធ្វើការដោះដូរនិងអភិវឌ្ឍដីភ្នំតាម៉ៅ និងបញ្ចាឲ្យក្រុមហ៊ុនឈូសឆាយត្រូវដាំដើមឈើឡើងវិញ។
សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា៖ «រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម»។
សម្ដេចថាការសម្រេចនេះគឺដោយសារសម្ដេចជាអ្នកទទួលខុសត្រូវខ្ពស់បំផុត និងមានសំណូមពរជាច្រើនពីពលរដ្ឋលើបញ្ហានេះ៕