ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឱ្យពិនិត្យពីចំណុចអវិជ្ជមានឡើងវិញដើម្បីកាត់បន្ថយការស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល ៦ខែដើមឆ្នាំ២០២២នេះ បានតម្រូវឱ្យមានការត្រួតពិនិត្យនូវចំណុចអវិជ្ជមាន ឡើងវិញដើម្បីដោះស្រាយបញ្ហាប្រឈមនៃគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហានេះ សម្តេចក្រឡាហោម បានលើកឡើងថាបើទោះបីប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ចរាចរណ៍កាលពី ១០ឆ្នាំមុនក្ដី តែមន្ត្រីត្រូវសិក្សាពីចំណុចអវិជ្ជមានឡើងវិញ ដោយថាបច្ចុប្បន្នគិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩លើក ស្លាប់ ៥នាក់ និងរបួស ១០នាក់។

សម្ដេចក្រឡាហោមថ្លែងថា៖ «យើងប្រមូលផ្ដុំបញ្ហាដើម្បីឈានទៅដោះស្រាយឱ្យចំបញ្ហានោះ។ យើងផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋទូទៅវាជាការ ចាំបាច់ហើយ ប៉ុន្តែយោបល់ខ្ញុំ គឺថាអ្នកដែលពាក់ព័ន្ធផ្ទាល់តែម្ដង ត្រូវត្រួតពិនិត្យ អប់រំ និងអនុវត្តន៍វិន័យ និងច្បាប់ឱ្យតឹងរឹង»។

សម្ដេច បានបន្ថែមថា បើប្រៀបធៀបស្ថានភាពចរាចរណ៍កម្ពុជា ជាមួយស្ថានភាព ចរាចរណ៍ជាសកលឃើញថា រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១ដល់ ឆ្នាំ២០២០ កម្ពុជាបានកាត់បន្ថយអ្នកស្លាប់ចំនួន ៤ពាន់៧២០នាក់ ស្មើ ៦៤ភាគរយ នៃចំនួនអ្នកស្លាប់តាមការព្យាការណ៍។ យ៉ាងណាក៏ដោយ សម្ដេចបន្តថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចាត់ទុកហេតុការណ៍នៃគ្រោះថ្នាក់ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចណ៍នេះថា នៅតែជាបញ្ហាប្រឈមទាមទារការយកចិត្តទុកដាក់ដោះស្រាយឱ្យមានប្រសិទ្ធភាព និងប្រកប ដោយការទទួលខុសត្រូវ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ជាអំឡុងពេលដែលកិច្ចដំណើរការលើគ្រប់វិស័យ ត្រូវបានធ្វើសកម្មភាពឡើងវិញយ៉ាងមមាញឹក ស្របពេលយានយន្តមានកំណើនប្រមាណ ៣០% ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ៥៦២លើក ស្មើចំនួន ២៦% (១៦០៩/២១៧១លើក) ចំនួនអ្នកស្លាប់បានថយចុះ ៩១នាក់ ស្មើ៩% (៩៤២/១០៣៣នាក់) និងចំនួនអ្នករបួសបានថយចុះ ៩៩២នាក់ ស្មើនឹង៣១% (២២៣៥/ ៣២២៧នាក់) ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩។

មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់គឺបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្តាំ ១១% វ៉ាជែង១១% បត់ ១០% ស្រវឹង ៣% កត្តាយាន ២% និងងងុយ ១%។ គិតជាមធ្យម ក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក ដែលបណ្តាលឱ្យស្លាប់ចំនួន ៥នាក់ និងរងរបួសចំនួន ១០នាក់។ គ្រោះថ្នាក់ភាគច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តកណ្តាល ចំនួន ១១៧លើក និងខេត្តព្រះសីហនុ ចំនួន ៩៧លើក។

ដោយឡែក គិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ចំនួន ៣៤៨ លើកស្មើ ២៨% អ្នកស្លាប់កើនចំនួន ២៣៣នាក់ ស្មើ ៣៣% និងអ្នករងរបួសកើនចំនួន ៤៣៣នាក់ ស្មើ ២៥%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូសរុបចំនួន ៧៥៩នាក់ (៨១% នៃចំនួន អ្នកស្លាប់សរុប) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៥៥៨នាក់ ស្មើ៧៤% ដែលភាគច្រើនមិនពាក់ មួកសុវត្ថិភាពនៅពេលយប់។ គ្រោះថ្នាក់ពេលយប់សរុបចំនួន ៥៧% បណ្តាលឱ្យស្លាប់ចំនួន ៥៨% និងរងរបួសចំនួន ៥៤%៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក