ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

រដ្ឋមន្ត្រីក្រសួងសាធារណការថា ៧ខែនៃឆ្នាំ២០២២ មានការចុះបញ្ជីរថយន្តអគ្គិសនីកើនឡើងជាង ១០០គ្រឿង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្ពុជាកំពុងមានកំណើនល្អនៃការប្រើប្រាស់រថយន្តអគ្គិសនីដែលក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២២នេះ រថយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការគឺមានចំនួន ១១៥គ្រឿង កើនឡើងជាង ១០០គ្រឿងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានឱ្យដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២១ កម្ពុជាទទួលចុះបញ្ជីរថយន្តអគ្គិសនីបាន ១១គ្រឿងប៉ុណ្ណោះ ដែលខុសគ្នាច្រើនបើធៀបនឹងពេលបច្ចុប្បន្ន។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមថាកំណើននៃការប្រើប្រាស់រថយន្តអគ្គិសនីនេះគឺស្របគ្នាជាមួយការដាក់ដំណើរការទីតាំងបញ្ចូលអគ្គិសនីនៅតាមបណ្ដាខេត្ត រាជធានីសំខាន់ៗមួយចំនួនរួមមាន ភ្នំពេញ ព្រះសីហនុ សៀមរាប និងបាត់ដំបង ដែលជាជំនួយរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។

លោកក៏គ្រោងពង្រីកទីតាំងបញ្ចូលអគ្គិសនីរថយន្តបន្ថែមផងដែរដែលអាចបង្កើនពីបច្ចុប្បន្នមាន ៤គ្រឿង ទៅ ៨គ្រឿង រួមទាំងមានសមត្ថភាពបញ្ចូលអគ្គិសនីឱ្យពេញដោយចំណាយពេលពី៣០ ទៅ៤០នាទី។

ជាមួយនឹងភាពរីករាយនៃការអភិវឌ្ឍន៍វិស័យយាន្តប្រើអគ្គិសនីនេះ ក្រសួងសាធារណការ និងអង្គការ UNDP បានផ្តល់ជាជំនួយម៉ូតូប្រើអាគុយចំនួន ៣០គ្រឿង ដើម្បីយកទៅប្រើប្រាស់ និងជួយផ្សព្វផ្សាយ ព្រមទាំងណែនាំឱ្យប្រជាពលរដ្ឋប្រើរថយន្ត ឬម៉ូតូប្រើអគ្គិសនី។ ទន្ទឹមនេះ ការប្រើប្រាស់រថយន្ត ឬម៉ូតូនេះដើម្បីចូលរួមកាត់បន្ថយការបំពុលបរិយាកាស និងមានតម្លៃថោកឆ្ងាយបើប្រៀបធៀបនឹងតម្លៃប្រេងឥន្ធនៈ។ លើសពីនេះទៀត រថយន្តអគ្គិសនីនេះ ក៏មានការបន្ថយពន្ធផងដែរ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរហូតដល់៥០ ភាគរយ លើពន្ធនាំចូលរថយន្តប្រើអគ្គិសនី។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ឱ្យដឹងទៀតថា អង្គការ UNDP នឹងធ្វើការសហការជាមួយក្រុមហ៊ុន Foodpanda ផ្លាស់ប្តូរពីម៉ូតូប្រើប្រាស់សាំង ទៅប្រើប្រាស់ម៉ូតូប្រើអគ្គិសនី សម្រាប់ដឹកជញ្ជូនទំ និញក្នុងរាជធានីភ្នំពេញដែលការធ្វើបែបនេះដើម្បីកាត់បន្ថយការបំពុលបរិយាកាស ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក