ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថាកងទ័ពកើតចេញពីប្រជាជន ហើយប្រជាជនគឺប្រភពនៃការផ្គត់ផ្គង់កម្លាំង និងភស្ភុភារក្នុងនាមជាសមភូមិក្រោយ។ លោកថាការយឺតយោងគ្នានេះគឺមានបុព្វហេតុតែមួយគត់គឺការពារសេចក្ដីសុខប្រជាជន ការពារជាតិ និងសន្ដិភាពយូរអង្វែងរបស់ប្រទេស។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយរបស់នាយករដ្ឋមន្ត្រី និងភរិយា ជូនដល់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងថា គោលដៅសំខាន់ពីរនៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាព ស្ថិរភាពយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។
មេបញ្ជាការទ័ពជើងគោករូបនេះបានលើកឡើងថា ស្មារតី ឆន្ទៈ និងពលិកម្មលះបង់របស់កងទ័ព មិនមែនមានតែនៅក្នុងសមរភូមិប៉ុណ្ណោះទេ។ ជាក់ស្តែងណាស់ កងទ័ពមានភារកិច្ច និងតែងបានចូលរួមនៅក្នុងគ្រប់ស្ថានការណ៍យថាហេតុលំបាក និងគ្រោះថ្នាក់ ក្នុងពេលដែលជាតិ និងប្រជាជនត្រូវការ ដូចជាក្នុងពេលគ្រោះវិបត្តិគ្រោះមហន្តរាយ ព្រមទាំងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាផលវិបាកបន្សល់ទុកដោយសង្គ្រាមជាដើម។
លោកថា៖ «ពិតណាស់ កងទ័ពកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន ហើយប្រជាជនវិញ គឺជាប្រភពនៃការផ្គត់ផ្គង់កម្លាំង ទាំងកម្លាំងទ័ព និងកម្លាំងភស្តុភារ ក្នុងនាមជាសមរភូមិក្រោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ»។
លោកបន្ថែមថា ទោះបីក្នុងរយៈកាលជាង ២ឆ្នាំកន្លងមកនេះមានបញ្ហាប្រឈម និងផលប៉ះពាល់ខ្លះពីការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយក៏សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជានៅតែរក្សាបានអំណោយផល និងសន្ទុះថ្មីសម្រាប់ការកសាងនិងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។
លោកបានថ្លែងនូវការកោតសរសើរចំពោះបណ្តាកងឯកភាពចំណុះយោធភូមភាគទី១ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ៕
PHOTO: RAKSMEY9