ភ្នំពេញ៖ វ៉ាក់សាំង pfizer ដែលជាជំនួយពីព្រះរាជាណាចក្រអេស្ប៉ាញដល់កម្ពុជា ត្រូវបានប្រគល់ជូនជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
ពិធីប្រគល់និងទទួលជាផ្លូវការនៃវ៉ាក់សាំងនេះធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងពិធីទទួលវ៉ាក់សាំង ភារធារីស្ដីទីប្រទេសអេស្ប៉ាញប្រចាំកម្ពុជា លោកស្រី Kristina Ellisa Aguliar Jimenez បានថ្លែងថា នេះជាការសន្យារវាងរដ្ឋមន្ត្រីប្រទេសទាំងពីរ និងជាទឹកចិត្តរបស់ប្រជាជនអេស្ប៉ាញចំពោះប្រជាជនកម្ពុជា។ លោកស្រីថា អេស្ប៉ាញមានភាពរីករាយដែលបានជួយផ្ដល់វ៉ាក់សាំងជូនប្រទេសកម្ពុជា ដែលជាប្រទេសមួយមានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ។
លោកស្រីថា៖ «ពិភពលោកជួបបញ្ហាច្រើនហើយយើងត្រូវស្វែងរកដំណោះស្រាយដ៏យូរអង្វែង»។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វ៉ាក់សាំង គឺជាការការពារសុខភាព សង្គម សេដ្ឋកិច្ច ខណៈកម្ពុជាគឺជាប្រទេសមួយដែលសម្រេចបាននូវការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍បានរឹងមាំ។ ទោះជាយ៉ាងណាសម្ដេចថា ជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយពីកម្ពុជានោះទេ ដោយជំរុញឱ្យមានការបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្តទៀត ជាពិសេសដូសជំរុញសម្រាប់ប្រជាពលរដ្ឋបន្ថែមទៀត។
សម្ដេចបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និងសមាជិកផ្សេងទៀតនៃសភាអឺរ៉ុបដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញការងើបឡើងវិញនូវសង្គមសេដ្ឋកិច្ចកម្ពុជាតាមរយៈការផ្តល់ជំនួយវ៉ាក់សាំងជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកទេសផ្សេងៗ។
សម្ដេចថា៖ «ខ្ញុំសូមអរគុណនិងសូមជូនពរដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអេស្ប៉ាញ និងសហភាពអឺរ៉ុបឱ្យទទួលបានជោគជ័យ»។
ជាមួយគ្នានេះសម្ដេចតេជោក៏ជំរុញដល់ប្រជាពលរដ្ឋឲ្យទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នាផងដែរ។
តាមរយៈវ៉ាក់សាំងដែលប្រទេសជាមិត្តបានផ្ដល់ជូនបានធ្វើឲ្យកម្ពុជារួចផុតពីការយាយីនៅវិបត្តិជំងឺរាតត្បាតដែលបានធ្វើឲ្យបើកសង្គមសេដ្ឋកិច្ចឡើងវិញទាំងស្រុងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
ការបង្កើតភាពស៊ាំដោយសារតែយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ បានធ្វើឲ្យកម្ពុជាបច្ចុប្បន្នមានភាពស៊ាំរឹងមាំបើទោះបីជាមានការឆ្លងរាលដាលឡើងវិញបន្តិចក៏ដោយ។
បច្ចុប្បន្នការឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានប្រកាសដោយក្រសួងសុខាភិបាលគឺមានចំនួនប្រមាណពី ១០ ទៅ ៣០ករណីក្នុងមួយថ្ងៃៗ ខណៈពុំមានអ្នកស្លាប់ដោយសារជំងឺនេះទេ។
របាយការណ៍ក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ជាង ១៣ម៉ឺនករណី ខណៈចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបានប្រមាណជាង ១៥លាននាក់ដែលស្មើនឹងជាង ៩៤% នៃពលរដ្ឋសរុប ១៦លាននាក់៕
PHOTO: KOK KY