ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលសងដល់កម្មកររោងចក្រ ឃេនធើរេន អឺភែរឹល ដែលត្រូវបានថៅកែរត់ចោលមិនបានផ្ដល់សំណង។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃពុធ ទី១៧ ខែសីហានេះ រដ្ឋមន្ត្រីក្រសួងការងារ អ៉ិត សំហេង បានជម្រាបជូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃេនធើរេន អឺភែរឹល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលនិយោជកបានបិទទ្វាររត់ចោលថាក្រសួងនឹងប្រើថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលបើកផ្ដល់ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក និងប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ រួមទាំងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ និងប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុន ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីក៏បានស្នើដល់កម្មករនិយោជិត រង់ចាំការជូនដំណឹងបន្ថែមអំពីការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ផ្សេងៗ ពីអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា នាពេលឆាប់ៗខាងមុខនេះ។
ទន្ទឹមនឹងនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាត្រៀមឯកសារមួយចំនួនដូចជា បណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬបណ្ណបេឡាជាតិរបបសន្តិសុខសង្គម ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬបណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
លោកក៏ជំរុញដល់កម្មករនិយោជិត ក្នុងកំឡុងពេលនៃការរង់ចាំការជូនដំណឹងបន្ថែមនេះ ដាក់ពាក្យស្វែងរកការងារធ្វើតាមរយៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីរក្សាស្ថិរភាពនៃប្រាក់ចំណូល។
ចំណាត់ការរបស់ក្រសួងការងារនៅពេលនេះគឺបន្ទាប់ពី នាយករដ្ឋមន្ត្រីឱ្យក្រសួងការងារខ្ចីលុយរដ្ឋាភិបាលដោះស្រាយឱ្យកម្មករសិនមុនមានចំណាត់លើក្រុមហ៊ុន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្ដេចបានទទួលដំណឹងថាកម្មករនៃរោងចក្របានធ្វើការដាក់ញាត្តិមកកាន់ខុទ្ទកាល័យរបស់សម្ដេច ដោយសម្ដេចបានសម្រេចបញ្ជានៅថ្ងៃព្រឹកទៅកាន់ក្រសួងការងារឱ្យយកលុយរដ្ឋដោះស្រាយជូនកម្មករសិន រួចចាំដោះស្រាយជាមួយក្រុមហ៊ុនតាមក្រោយដោយវិធានការផ្សេងៗ ឬបង្កកប្រាក់។