ក្រុងព្រះសីហនុ៖ សមត្ថកិច្ចតាមឆ្លក់បង្ក្រាបបានជនសង្ស័យចំនួន ៧នាក់ជាបឋម និងសារធាតុគ្រឿងញៀនជាច្រើនគីឡូ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង៩យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចផៃមួយកន្លែងនៅកោះព្រាប ក្រុងព្រះសីហនុ។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ EAC News ពីខេត្តព្រះសីហនុឱ្យដឹងថា ការចុះបង្ក្រាបនេះក្នុងពេលដែលក្រុមឧក្រិដ្ឋជនកំពុងលីទំនិញដាក់លើអូប័រ នៅចំនុចផែក្រោយផ្ទះវីឡាមួយកន្លែង ក្បែរផ្លូវកែងចូលទៅកោះព្រាប ក្រុងព្រះសីហនុ។
ក្នុងពេលចុះបង្ក្រាបនោះសមត្ថកិច្ចឃាត់បានជនសង្ស័យជនជាតិចិនម្នាក់ស្នាក់នៅក្នុងផ្ទះវីឡា និងបន្តតាមស្រាវជ្រាវដល់ផ្ទះល្វែងមួយកន្លែងទៀតនៅម្តុំក្រោយកាស៊ីណូយ៉ាព័រ តាមបណ្តោយផ្លូវសេតេ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បានចំនួន ៥នាក់ និងប្រមូលភស្តុតាងមួយចំនួនទៀតពីក្នុងផ្ទះល្វែងខាងលើ ។
ដោយក្រុមឧក្រិដ្ឋមានគ្នាច្រើនកំពុងរត់គេចខ្លួនថែមទៀត សមត្ថកិច្ចបានចេញចាប់ ដោយបុរសជនជាតិចិនម្នាក់ទៀតបាន បើករថយន្តម៉ាក Visto ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2X-8725 រត់គេចខ្លួនដល់មហាវិថីជំទាវម៉ៅ ក្បែរចំណុចខ្មែរធ្វើបាន ត្រូវបានសមត្ថកិច្ចចាប់បានវ៉ៃខ្នោះភ្នាមៗ និងដកហូតបានអាវុធខ្លីមួយដើម និងសម្ភារៈផ្សេងៗក្នុងរថយន្តខាងលើទៀត។
មកពេលនេះ យោងតាមការបញ្ជាក់ប្រាប់ខ្លីៗរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ថា ចំពោះសារធាតុញៀនខាងលើពុំទាន់បានវែកញ៉ែកមានប្រភេទអ្វីខ្លះ និងមានទម្ងន់ប៉ុន្មានគីឡូនៅឡើយទេ៕