បន្ទាយមានជ័យ៖ «ជម្រាបសួរលោកពូ អ្នកមីង ជាទីគោរព! ខ្ញុំបាទឈ្មោះ លឹម វណ្ណារិទ្ធ មានអាយុ ១៤ឆ្នាំ ហើយដោយសារខ្ញុំមានចំណង់ចំណូលចិត្តតាំងពីក្មេងបានជំរុញឱ្យខ្ញុំធ្វើបែបនេះ»។
នេះជាការថ្លែងឱ្យដឹងពីកុមារាកម្ពុជាម្នាក់ដែលរស់នៅក្នុងភូមិព្រៃឬស្ស៊ី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលបានទាញចំណាប់អារម្មណ៍ពីមហាជនឱ្យងាកមើលនូវគំនិតច្នៃប្រឌិតរបស់ខ្លួន ដោយប្រើប្រាស់របស់របរដែលគេបោះបង់ចោលយកទៅច្នៃជារបស់លេងដូចជា ម៉ាស៊ីនច្រូតស្រូវ ខ្នាតតូច បញ្ជាដោយតេលេ (Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។
កុមារា លឹម សុវណ្ណារិទ្ធ ឱ្យដឹងថា៖ «សំភារៈនេះខ្ញុំផ្សំពីរបស់ដែលគេបោះចោល និងសម្ភារៈអេតចាយ ដូចជាកំប៉ុងទុយោរ សំបកកេស បំពង់ប៊ឺត ចានស្នោរ ជាដើម»។
លឹម សុវណ្ណារិទ្ធ បានបង្ហាញពីការបញ្ជាម៉ាស៊ីនច្រូតដែលខ្លួនផលិតបានដែលចំណាយពេលប្រមាណ ១សប្ដាហ៍ និងចំណាយលុយអស់ប្រមាណ ៤ម៉ឺនរៀល។
ជាសិស្សទើបតែរៀនថ្នាក់ទី៨ កុមារា លឹម សុវណ្ណារិទ្ធ មានបំណងប្រាថ្នាចង់ក្លាយជាអ្នកកែច្នៃ ឬជាអ្នករចនាគំរូប្លង់មួយរូប។