នាយករដ្ឋមន្ត្រីកោតសរសើររដ្ឋមន្ត្រីការបរទេសដែលធ្វើឱ្យសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានចេញបាន
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងមន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលបានធ្វើឱ្យសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានអាចប្រកាសបាន ដោយថាកិច្ចប្រជុំដែលធ្វើឡើងនៅដើមខែនេះគឺជាកិច្ចប្រជុំមួយក្នុងពេលដែលពិភពលោកមានបញ្ហាប្រឈមមុខគ្នាជាច្រើន។
សម្ដេចក៏បានលើកឡើងថាកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលមានរដ្ឋមន្ត្រី និងមន្រ្តីជាន់ខ្ពស់ពីប្រទេសជាច្រើនរួមទាំងមហាអំណាច ចិន រុស្ស៊ី អាមេរិក ក្នុងពេលដែលប្រទេសទាំង៣នោះកំពុងប្រឈមមុខគ្នានៃវិបត្តិអ៊ុយក្រែន និងកោះតៃវ៉ាន់ ក្រៅពីនោះក៏មានបញ្ហាជាច្រើនទៀតផងដែរ។ សម្ដេចថាក្នុងកិច្ចប្រជុំនោះមានការលំបាកសូម្បីតែការរៀបចំកៅអីសម្រាប់ភ្ញៀវអង្គុយ។
សម្ដេចបានថ្លែងអំណរគុណដល់តំណាងប្រទេសជាមិត្តដែលបានចូលរួមជាមួយកម្ពុជាក្នុងការប្រជុំរដ្ឋមន្ត្រីអាស៊ាន រួមទាំងប្រទេសដែលមកចុះហត្ថលេខានៅកម្ពុជា។ សម្ដេចថាភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាមូលដ្ឋានដែលឆ្ពោះទៅភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននៅខែវិច្ឆិកាខាងមុខ រួមទាំងកិច្ចប្រជុំ G20 និង APEC ផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ។ មានប្រទេសចំនួន៣៩ ដែលត្រូវបានកម្ពុជាអញ្ចើញចូលរួមកិច្ចប្រជុំនេះក្នុងនោះ គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានមានចំនួន ២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន ១២ប្រទេស៕

