ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតមួយសន្លឹកទៀតដែលបានថតនៅក្នុងជំនាន់ចរចារកសន្តិភាពនៅឆ្នាំ១៩៩០។
បច្ចុប្បន្នរូបថតដែលធ្លាប់បានថតពីមុនពីមុនរបស់សម្ដេចតេជោត្រូវបានសម្តេចតេជោប្រមូលមកឡើងវិញ និងបានបង្ហោះចែកជូនសាធារណជនក្នុងការទស្សនាកំសាន្តដោយអមជាមួយនឹងពាក្យមួយចំនួនដែលរំឭកអំពីប្រវត្តិនៃរូបថតទាំងនោះផងដែរ។
នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះនៅលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន សម្ដេចតេជោបានបង្ហាញនូវរូបថតមួយសន្លឹកដែលសម្ដេចបញ្ជាក់ថា ជារូបថតដែលបានថតនៅក្នុងជំនាន់ចរចារកសន្តិភាពនៅឆ្នាំ១៩៩០ ដោយសារតែក្នុងរូបថតនោះសម្ដេចប្រើប្រដាប់ខ្ទាស់ក្រវ៉ាត់ក។
សម្ដេចតេជោសរសេរថា៖ «ទើបទទួលបានរូបថតមួយសន្លឹកទៀតតែមិនដឹងថាថតនៅឯណា?ពេលណានិងលើកដៃជាសញ្ញាអ្វី?។ អ្វីដែលច្បាស់រូបថតនេះគឺជំនាន់ចរចារកសន្តិភាពមុនឆ្នាំ១៩៩០ដែលពេលនោះខ្ញុំប្រើប្រដាប់ខ្ទាស់ក្រវ៉ាត់ក»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាភាគីមួយក្នុងចំណោមភាគីទាំង៤ ដែលចរចារកសន្តិភាពសម្រាប់កម្ពុជានៅឆ្នាំ១៩៩១។ បើទោះជាយ៉ាងណាការចរចារកសន្តិភាពជាមួយនេះនៅមិនទាន់បានសន្ដិភាពពេញលេញនៅឡើយទេ រហូតដល់សម្ដេចតេជោដាក់ចេញនយោបាយឈ្នះក្នុងឆ្នាំ១៩៩៨ ទើបបញ្ចប់ទាំងស្រុងនៅចលនាខ្មែរក្រហមដែលបង្កើតអោយកម្ពុជាមានសន្តិភាពដល់សព្វថ្ងៃនេះ៕