ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីណែនាំអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សឱ្យមានអព្យាក្រឹត្យក្នុងការសរសេររបាយការណ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ឱ្យមានភាពអព្យាក្រឹត្យនិងរៀបចំរបាយការណ៍ដែលមានតុល្យភាពដែលបង្ហាញពីការខិតខំឆ្លើយតបរបស់កម្ពុជាទៅលើការលើកតម្កើនសិទ្ធិមនុស្សផង។

ក្នុងឱកាសដែលអនុញ្ញាតដល់លោក វិទិត មុនតាប៊ន ចូលជួបពិភាក្សាការងារនៅវិមានសន្ដិភាព រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាបានធ្វើការឆ្លើយតបនឹងរបាយការណ៍មុនៗរបស់លោក វិទិត មុនតាប៊ុន ជានិច្ច ដោយជំរុញឱ្យពិនិត្យសិក្សាឡើងវិញដោយផ្អែកលើសកម្មភាព និងផ្លូវច្បាប់របស់ប្រទេសកម្ពុជាផង។ សម្ដេចបានជំរុញដល់លោកឱ្យមានតុល្យភាពនៃការធ្វើរបាយការណ៍។

ជំនួយការសម្ដេចតេជោ លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្ដេចតេជោមកប្រាប់អ្នកយកព័ត៌មានថា៖ «អ្វីដែលលោក វិទិត មុនតាប៊ុន គួរតែពិនិត្យពិចារណានិងធ្វើឱ្យបានត្រឹមត្រូវនោះគឺត្រូវពិនិត្យធ្វើរបាយការណ៍ឱ្យមានតុល្យភាពមិនអាចម្ខាងថារក្សាការសម្ងាត់ហើយម្ខាងទៀតទាមទារឱ្យមាន Accountability ឬក៏ transparency នោះទេ។ ហើយម្យ៉ាងទៀតចំពោះករណីតុលាការគឺតុលាការមានអំណាចឯករាជ្យរបស់ខ្លួនមិនអាចលូកដៃបានទេ»។

សម្ដេចតេជោ ហ៊ុន សែន បានចំណាយពេលរៀបរាប់ប្រាប់លោក មុនតាប៊ុន នូវដំណើរការនៃការគាំទ្រសិទ្ធិមនុស្សនៅកម្ពុជាមានទាំងការគាំពារជនងាយរងគ្រោះដោយសារជំងឹកូវីដ-១៩ ការតម្លើងប្រាក់បៀវត្សជូនមន្ត្រីរាជការ ការកែសម្រួលប្រាក់ចូលនិវត្តន៍ ការដាក់ឱ្យមានប្រាក់ចូលនិវត្តសម្រាប់វិស័យឯកជន ជាងនេះទៅទៀតសម្ដេចតេជោក៏បានប្រាក់ពីការគាំពារនិងជួយសង្គ្រោះពលរដ្ឋពីជំងឺកូវីដ-១៩ ដោយបានបញ្ចេញនូវកញ្ចប់ថវិកា វ៉ាក់សាំង និងព័ត៌មានដែលបានជួយសង្គ្រោះជីវិត សេដ្ឋកិច្ចរបស់ពលរដ្ឋ។

សម្ដេចតេជោបានបញ្ជាក់បន្ថែមថាក្នុងពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលក៏បានបង្កើតនូវច្បាប់ថ្មីៗមួយចំនួនដើម្បីធានានូវស្ថិរភាព និងការការពារពលរដ្ឋ។ ការចោទប្រកាន់ថាច្បាប់ដែលបង្កើតនេះមានគោលដៅលើលំហរសង្គមស៊ីវិលគឺគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ។

លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍សម្ដេចតេជោថា៖ «ការពិតបទដ្ឋានច្បាប់ទាំងអស់ដែលបានអនុម័តរួមទាំងច្បាប់ដែលបានអនុម័តក្នុងអំឡុងពេលកូវីដ-១៩ គឺប្រកាន់ខ្ជប់នូវគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ ដែលមានគោលបំណងតែមួយគត់គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានាដែលបង្កអស្ថិរភាពសង្គម»

ពាក់ព័ន្ធនឹងលំហរសង្គមស៊ីវិលប្រជាធិបតេយ្យនិងការបោះឆ្នោតសម្ដេចតេជោ មានប្រសាសន៍ថា ប្រជាធិបតេយ្យ ចាំបាច់ដើរទន្ទឹមជាមួយនឹងនីតិរដ្ឋ។ ការអនុវត្តន៍ប្រជាធិបតេយ្យដែលគ្មាននីតិរដ្ឋនឹងនាំឱ្យអាណាធិបតេយ្យ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាកម្ពុជាចង់ឱ្យភាគីទាំងអស់ក្នុងកិច្ចដំណើរប្រជាធិបតេយ្យធ្វើការទៅដោយរលូនដោយធ្វើការរឹះគន់ដោយស្ថាបនា មិនអុចអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ជាពិសេសមិនបង្ករអរិភាពរវាងជាតិខ្មែរ និងខ្មែរដែលអាចនាំឱ្យមានសង្គ្រាមស៊ីវិល។ «ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្ដិភាពមានការអស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន»

ក្នុងជំនួបនោះលោក វិទិត ម៉ុនតាប៊ន បានអបអរសាទរចំពោះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា និងបានសាកសួរអំពីជំនួយបច្ចេកទេសនិងសហប្រតិបត្តិការទៅអនាគតរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

ទាក់ទងនឹងករណីនេះសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំដល់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកកាន់អាណត្តិពិសេសគួររៀបចំរបាយការណ៍ដែលឆ្លុះបញ្ចាំងការពិតជាក់ស្ដែងនិងមានតម្លាភាព និងគួរយកចិត្តទុកដាក់ដោះស្រាយយន្តការដ៏គួរឱ្យព្រួយបារម្ភនៃការដោះស្រាយបញ្ហាសិទ្ធិមនុស្សដូចជាការប្រើសំដីស្អប់ខ្ពើម ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ដែលជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិជាដើម។

គួរឱ្យដឹងផងដែរថា លោក វិទិត ម៉ុនតាប៊ន គឺជាមនុស្សទី៧ ដែលក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជ្រើសរើសមកកាន់តួនាទីជាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជំនួស អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលផុតអាណត្តិ។ លោកបានធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ដើម្បីជួបពិភាក្សាជាមួយអ្នកពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា៕ 

PHOTO: KOK KY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក