ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមប្រជាជនសឹង្ហបុរី (People’s Association of Singapore) ដែលជាការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Pan Pacific Singapore ក្រោមវត្តមាននៃអគ្គនាយកប្រតិបត្តិនៃ PA Lim Hock Yu និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ។ អនុស្សារណៈនេៈជាអនុស្សារណៈនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ ដែលកន្លងមក ស្ថាប័នទាំងពីរមានស្នាដៃលេចធ្លោក្នុងការងារសង្គម មនុស្សធម៌ និងការងារយុវជននៅក្នុងប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា កន្លងមកស្ថាប័ននៃប្រទេសទាំងពីរ ធ្លាប់បានធ្វើការសហការគ្នាលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនៈកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាពេលនេះ ក៏នឹងបើកឱកាសកាន់តែធំសម្រាប់ស្ថាប័នទាំងពីរក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរបស់ខ្លួន៕