ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តទៅដល់អ្នកដែលបង្កើតស្នាដៃដែលលើកស្ទួយសិល្បៈវប្បធម៌ឱ្យមានមោទនភាពនូវអ្វីដែលខ្លួនអាចធ្វើបាន ដោយថា កុំយកស្នាដៃរបស់ខ្លួនទៅប្រៀបធៀបជាមួយនឹងអ្នកដទៃក្នុងន័យបង្អាប់លើស្នាដៃរបស់ខ្លួនទៅវិញ។
លោកថា៖ «នៅពេលគាត់ផុសស្នាដៃកូនខ្មែរគាត់ឆ្លាក់អក្សរគាត់ឆ្លាក់រូបស្អាតគាត់បង្ហោះ។ ខ្ញុំសប្បាយចិត្តក៏ប៉ុន្តែខ្ញុំសង្វេគនូវទស្សនៈរបស់គាត់និងការសរសេរ។ ខ្ញុំថាយើងមិនគួរទម្លាក់ខ្លួនឯងទេ។ គាត់សរសេរបែបនេះ ហេតុអី្វមនុស្សឈ្លោះគ្នាមានអ្នកមើលច្រើនកើតអីស្នាដៃល្អរបស់កូនខ្មែរគ្មានអ្នកណាមើល? ទោះបីជាវាប៉ះពាល់ដល់រឿងពិតខ្លះក៏ដោយក៏ប៉ុន្តែមិនគួរដាក់សារហ្នឹងទេ! ទីមួយវាបញ្ជាក់អំពីទុទិដ្ឋិនិយមរបស់គាត់ ហើយវាអត់បានបង្ហាញពីមោទនភាពនៅក្នុងខ្លួនគាត់ទេ»។
លោកស្នើកុំឲ្យអ្នកបង្កើតស្នាដៃកុំផ្ដោតខ្លាំងពេកលើអ្នកចុច Like ត្រូវផ្ដោតជាសំខាន់លើស្នាដៃលើកស្ទួយវប្បធម៌ខ្មែររបស់ខ្លួន និងសប្បាយរីករាយនូវអ្វីដែលខ្លួនបានធ្វើ បានចែករំលែក។
លោកបន្ថែមថា៖ «បើយើងមានរបស់ល្អបង្ហោះទៅអោយមនុស្សគាត់មើល។ តែគាត់មើលគាត់ស៊ែរតែម្នាក់ក៏ល្អដែរ បានន័យថាយើងបានឲ្យមនុស្សម្នាក់ទៀតឃើញ»។
លោកបានថ្លែងបែបនេះនៅក្នុងពេលដែល ជួបសំណេះសំណាលជាមួយនឹងសិល្បករសិល្បការិនីទាំង៧ ទម្រង់កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។
លោកបានបង្ហោះវីដេអូនៅថ្ងៃនេះដែលអមជាមួយនឹងសារលើកទឹកចិត្តដែរថា៖ «ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងមិនត្រូវផ្តោត ទៅលើការអោយតម្លៃរបស់អ្នកដ៍ទៃចំពោះរូបយើង ជាង ការផ្តល់តម្លៃរបស់យើងចំពោះខ្លួនឯងនោះទេ។ យើងត្រូវមានមោទនភាពចំពោះអ្វីដែលយើងធ្វើបាន ទោះបីជាវាមិនល្អដូចគេ ឬមិនមានការចាប់អារម្មណ៍ ច្រើនដូចគេ... ប៉ុន្តែយ៉ាងហោចណាស់ក៏វាកើតចេញពីស្នាដៃនិងការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើងដែរ ហើយនេះជាអ្វីដែលយើងត្រូវមានមោទនភាព »៕